fbpx

ក្រុមហ៊ុន ខេមបូឌា អេស៊ា ត្រាវែល បានដាក់បន្ថែមសេវាទូទាត់សំបុត្ររថយន្ត តាមវីង

មេសា 9, 2018

ភ្នំពេញថ្ងៃទី 15 ខែមីនា ឆ្នាំ 2018៖ ធនាគារឯកទេសវីង (ខេមបូឌា) ជាមួយនឹងក្រុមហ៊ុន ខេមបូឌា អេស៊ា ត្រាវែល ដែលហៅកាត់ថាមេគង្គអ៊ិចប្រេស្ស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃនេះ ដើម្បីដាក់បន្ថែមសេវាទូទាត់សំបុត្ររថយន្ត មេគង្គអ៊ិចប្រេស្ស។ អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយ លោក ញឹម កលរស្មី នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា អេស៊ា ត្រាវែល និងលោក Jojo Malolos នាយកប្រតិបត្តិនៃធនាគារឯកទេសវីង (ខេមបូឌា) ។

ការសហការរវាងធនាគារឯកទេសវីង និងក្រុមហ៊ុនមេគង្គអ៊ិចប្រេស្ស បានផ្តល់ដំណោះស្រាយឱ្យអតិថិជន ជាមួយការទូទាត់ ឬទិញសំបុត្រដោយផ្ទាល់ ដែលមានភាពច្នៃប្រឌិត និងងាយស្រួល តាមរយៈភ្នាក់ងារវីងដែលមានចំនួន ៥០០០​ កន្លែង ទូទាំងប្រទេស កម្មវិធីស្មាតហ្វូនវីង លេខកូដ*989# វីងគិតលុយ និង តាមគេហទំព័ររបស់មេគង្គអ៊ិចប្រេស្សដោយប្រើគណនីវីង និងវីងអនឡាញម៉ាស្ទ័រកាត។ កិច្ចព្រមព្រៀងនេះ បានផ្តល់ភាពងាយស្រួលដោយមិនតម្រូវឱ្យមានការតម្រង់ជួរ កាត់បន្ថយការកកស្ទះ និងគុណសម្បត្តិជាច្រើនទៀត។

ជាមួយនឹងដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត អតិថិជនអាចកក់សំបុត្រ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនមានការកំណត់។

យើងជឿជាក់ថា យើងកំពុងផ្តល់ជំនឿចិត្ត ដែលអាចធ្វើទៅបានដល់ប្រជាជន ហើយក៏បានជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ លោក Jojo Malolos បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីចុះហត្ថលេខាថា​ នេះគឺស្របទៅនឹងបេសកកម្មរបស់យើង ក្នុងការផ្តល់ សេវាទូទាត់ចល័តដែលមានភាពរឹងមាំ និងមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងចំណាយ ដែលបានចូលរួម

លើកកម្ពស់សេវាកម្មហិរញ្ញវត្ថុទៅដល់អ្នកដែលមិនមានគណនី ការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងជាកត្តាលីករ ជំរុញឱ្យមានភាពរីកចម្រើន។

ក្នុងឱកាសនេះដែរ លោក ​ញឹម កលរស្មី នាយកប្រតិបត្តិ នៃក្រុមហ៊ុន ស៊ី អេ ធី មេគង្គអ៊ិចប្រេស្ស បាននិយាយថា “យើងមានភាពរីករាយណាស់ដែលបានសហការជាមួយវីងក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ ដែលអាចជួយដល់កំណើននៃសេដ្ឋកិច្ច។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង ជាមួយនឹង សេវាកម្មដែលមានភាពរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់។​​ នេះជាវិធីដែលងាយស្រួលបំផុត​​ ដែលអ្នកអាចធ្វើបាន ដោយពុំចាំបាច់ទៅកាន់បញ្ជររថយន្ត ក្នុងការទិញសំបុត្រដោយផ្ទាល់។

ធនាគារឯកទេសវីង និងក្រុមហ៊ុនមេគង្គអ៊ិចប្រេស្ស មានគុណតម្លៃដូចគ្នា ក្នុងការស្វែងរកមធ្យោបាយដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ហើយជួយធ្វើអោយជីវិតរបស់ពួកគេកាន់តែមានភាពងាយស្រួល។ មិនត្រឹមតែប្រជាជនកម្ពុជាទេ សូម្បីតែជនបរទេស ក៏បានទទួលស្គាល់គុណតម្លៃនៃសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈការទូទាត់សំបុត្ររថយន្ត។

ថ្ងៃនេះ មេគង្គអ៊ិចប្រេស្ស ក៏បានប្រកាសពីការបញ្ចុះតម្លៃ១ដុល្លារ ក្នុងមួយសំបុត្រ នៅពេលដែលការទូទាត់ត្រូវបានធ្វើឡើងតាមវីង។ ទាំងក្រុមហ៊ុនមេគង្គអ៊ិចប្រេស្ស និងធនាគារឯកទេសវីង ជឿជាក់ថា​ កម្មវិធីនេះនឹងជំរុញអតិថិជន ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ថ្មីមួយនេះបានកាន់តែច្រើនឡើង។

មេគង្គអ៊ិចប្រស្ស បានផ្តល់សេវាធ្វើដំណើរជារៀងរាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ-សៀមរាប-បាត់ដំបង-ទីក្រុងហូជីមិញ-ទីក្រុងបាងកក និងកន្លែងជាច្រើនផ្សេងទៀត។ មេគង្គអ៊ិចប្រស្ស ក៏បានផ្តល់ជូនសេវាដឹកជញ្ជូន VIP សម្រាប់អតិថិជនរបស់ពួកគេផងដែរ។