fbpx

ធនាគារ វីង (ខេមបូឌា) ម.ក វិនិយោគ ២ លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ

មករា 28, 2022

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ​ លោក​ឆារស៍​ វ៉ាន់ Charles Vann ជានាយក និងធនាគារវីង តំណាងដោយ​ លោក ហាន ប៉េងក្វាង អគ្គនាយក​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង ប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណះបុគ្គល)។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ត្រូវនឹងទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល ​(tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង           សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់  រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕