fbpx

ប្រុងប្រយ័ត្នពីការក្លែងបន្លំពីជនខិលខូច

តុលា 13, 2017

ជូនចំពោះអតិថិជនវីងជាទីគោរព !

ដោយហេតុថាមានជនខិលខូចមួយចំនួនក្លែងបន្លំជាបុគ្គលិកធនាគារឯកទេសវីង ហើយបានទំនាក់ទំនងទៅបន្លំ ឆបោកអតិថិជន ធនាគារឯកទេសវីងសូមណែនំា និងស្នើសុំអតិថិជនទំាងអស់ ចែករំលែកព័ត៌មានដ៏មានសារៈសំខាន់នេះ។

ការបន្លំឆបោក កើតមានឡើងក្នុងបំណងចង់បានព័ត៌មានសំខាន់ៗដូចជា ឈ្មោះរបស់អ្នកប្រើប្រាស់ ពាក្យសម្ងាត់ (Password) លេខកូដសម្ងាត់៤ខ្ទង់ (PIN) និងព័ត៌មានលម្អិតដើម្បីចូលទៅកាន់គណនី ដោយក្លែងបន្លំជាបុគ្គលិកធនាគារ ឬក្លែងបន្លំជាអ្នកធ្វើការនៅក្រុមហ៊ុនល្បីៗ ឬ តាមរយៈការផ្ញើអ៊ីម៉ែល ផ្ញើសារ ទំនាក់ទំនងតាមទូរស័ព្ទ ឬក៏តាមរយៈគេហទំព័រជាដើម។ នៅពេលដែលជនខិលខូចទទួលបានព័ត៌មានសម្ងាត់ និងព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុរបស់លោកអ្នក ពួកគេអាចប្រើប្រាស់ព័ត៌មានទាំងនោះ ដើម្បីចូលទៅប្រើប្រាស់គណនី និងលួចសាច់ប្រាក់របស់លោកអ្នក។

ដើម្បីជៀសវាងនិងបង្ការពីការចាញ់បោកនេះ យើងខ្ញុំសូមសំណូមពរ អតិថិជនទំាងអស់ឲ្យមានការចងចាំ និងប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោមនេះ៖

  • ធនាគារឯកទេសវីងមិនដែលផ្ញើអ៊ីម៉ែល ផ្ញើសារ ឬទំនាក់ទំនងតាមទូរស័ព្ទ ទៅអតិថិជនដើម្បីសុំព័ត៌មានលម្អិត អំពីពាក្យសម្ងាត់ (Password) លេខកូដ៤ខ្ទង់ (PIN) និងព័ត៌មានលម្អិតគណនី ធនាគារ នោះទេ។
  • សូមកុំចែករំលែក ពាក្យសម្ងាត់ (Password) និងលេខកូដ៤ខ្ទង់ (PIN) ដល់អ្នកដទៃឲ្យសោះ និងសូមកុំសរសេរនៅលើអ្វីមួយ ឬកន្លែងណាមួយឲ្យសោះ។
  • សូមកុំដាក់លេខកូដ៤ខ្ទង់ ណាដែលងាយស្រួលទាយសាកល្បង ឬប៉ាន់ស្មាន ឧទាហរណ៍ដូចជា ថ្ងៃខែឆ្នាំកំណើត ឆ្នាំបច្ចុប្បន្ន ឬលេខដូចទៅនឹងលេខគណនី។
  • សូមព្យាយាមកម្រិតការចែករំលែកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកលើប្រព័ន្ធអនឡាញ និងសូមកុំប្រើពាក្យសម្ងាត់ (Password) ដែលងាយស្រួលស្វែងរកនៅលើ​ប្រព័ន្ធសង្គមនានា។
  • សូមកុំយកគណនីរបស់អ្នកទៅប្រើប្រាស់លើទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកដទៃ។
  • សូមកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលម្អិតពីគណនីធនាគាររបស់អ្នក ដល់ជនណាម្នាក់ដែលទូរស័ព្ទមកសាកសួរអ្នកសុំព័ត៌មានទាំងនេះ។
  • សូមលោកអ្នកចងចាំថា ធនាគារឯកទេសវីង ប្រើប្រាស់តែលេខទូរស័ព្ទ ០២៣ ៩៩៩ ​៩៨៩ មួយតែប៉ុណ្ណោះ ដើម្បីទំនាក់ទំនងជាផ្លូវការទៅកាន់លោកអ្នក។

ប្រសិនបើលោកអ្នកគិតថា លោកអ្នកជាជនរងគ្រោះនៃអំពើនេះ សូមទំនាក់ទំនងទៅកាន់៖ ០២៣ ៩៩៩ ​៩៨៩ ។

ដោយក្តីគោរពពី

ធនាគារឯកទេសវីង