fbpx

វីងផ្តល់នូវវិសាលភាពក្នុងការទូទាត់សេវាកម្មហិរញ្ញវត្ថុតាមរយៈហាងលក់ទំនិញ Circle K

សីហា 9, 2019

ភ្នំពេញថ្ងៃទី ៩ ខែសីហាឆ្នាំ ២០១៩៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធី អេច ស៊ី វី អេស​ ខូអិលធីឌី, ដែលនាំមកនូវ​​​​ផ្លាកសញ្ញ Circle K ជា ម៉ាកហាងទំនិញរាយ ដែលត្រួវបានគេទទួលស្គាល់ទូទាំងពិភពលោកនិងឈានមុខគេមួយ  ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុរបស់វីង តាមរយៈបណ្តាញហាង Circle K នៅទូទាំងរាជធានីភ្នំពេញនិងប្រទេសកម្ពុជា។

តាមរយៈ​ ភាពជាដៃគូជាមួយ Circle K នេះ វីងបន្តប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនិងដើម្បីធានាបាននូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ផ្លាកសញ្ញាដ៏រឹងមាំនិងប្រកបដោយទំនុកចិត្តទាំងពីរ រួមគ្នាដើម្បីបំពេញបន្ថែមនូវភាពខ្លាំងនិងជំនាញរៀងៗខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន នូវច្រកចេញចូលតែមួយ ក្នុងការទិញទំនិញ និង ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគ្រិនទាំងឡាយដើម្បីភាពរីកចម្រើនអាជីវកម្មផ្ទាល់ខ្លួន។

ដោយទទួលស្គាល់ពីភាពស៊ីសង្វាក់គ្នារវាងផ្លាកសញ្ញាដែលត្រូវបានគេទទួលស្គាល់ទាំងពីរ Circle K នឹងដើរតួជា ភ្នាក់ងារវីង​ដោយមានផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយរបស់វីង ​នៅ​តាម​បណ្តាហាង Circle K  ក្នុងរយៈពេលម្ភៃបួនម៉ោង និងជារៀងរាល់ថ្លៃ។ ចាប់ផ្តើមពីក្នុងរាជធានីភ្នំពេញ, ហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងមាននៅតាមបណ្តាខេត្តធំៗក្នុងប្រទេសកម្ពុជា, រាល់បណ្តាហាង Circle K ទាំងអស់នឹងមានបម្រើសេវាកម្មហិរញ្ញវត្ថុរបស់វីង។

វីង និង Circle K នឹងបង្កើនការប្រើប្រាស់វិធីទូទាត់តាមបែបឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឱ្យការទិញទំនិញ Circle K មានភាពងាយស្រួល។ អតិថិជនអាចគ្រប់គ្រងរាល់ការទិញទំនិញ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមរយៈភាពងា​យស្រួលនិងសុវត្ថិភាពនៃទូរស័ព្ទចល័តនិងគណនីវីង និងភាពងាយស្រួលនៃប្រព័ន្ធទូទាត់តាម QR ដោយ WingPay នៅពេលដែលទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ពិភពលោក។ ក្នុងនាមជាដៃគូ វីង និង Circle K នឹងទទួលបានអតិថិជនកាន់តែច្រើន ហើយបម្រើពួកគេកាន់តែប្រសើរ។

ក្នុងមានជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុដល់អ្នកមិនធ្លាប់ប្រើប្រាស់សេវកម្មធនាគារ ធំជាងគេនៅកម្ពុជា ការទូទាត់ចល័តជាលក្ខណៈ ecosystem របស់វីង នឹងផ្តល់លទ្ធភាពជាមួយនឹងឱកាសជាច្រើនទៅដល់សហគ្រិនធុនតូចនិងមធ្យមទាំងឡាយក្នុងការផ្គត់ផ្គង់ទៅឲ្យ Circle K។​ ជាមួយនឹងភាពងាយស្រួលនៃ គណនីវីង​ Circle K នឹងអាចទូទាត់វិកយបត្រទៅឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួន ហើយអ្នកផ្គត់ផ្គង់ក៏នឹងអាចទទួលបានការទូទាត់ប្រាក់ភ្លាមៗនិងមានសុវត្ថិភាពសម្រាប់សេវកម្មរបស់ពួកគេ។

ថ្ងៃនេះ​គឺជា មោទនភាពមួយសម្រាប់វីង។ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីងបានមានប្រសាសន៍ថា“ យើងតែងតែទទួលបានជោគជ័យក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមទូរស័ព្ទចល័តល្អបំផុតពីព្រោះយើងចាប់ដៃគូជាមួយក្រុមហ៊ុនដែលប្រកបដោយទំនុកចិត្តដូចជា Circle K” ។ លោក Rajan បានបន្ថែមទៀតថា“ នៅវីង ចក្ខុវិស័យរបស់យើងគឺផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានតំលៃសមរម្យសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ អាជីវកម្មរបស់យើងផ្តោតលើការនាំមកនូវការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ហើយផ្តល់មធ្យោបាយសម្រាប់ពួកគេក្នុងការធ្វើអន្តរកម្មនិងចូលរួមពេញលេញនៅក្នុងសេដ្ឋកិច្ច។ ភាពជាដៃគូរបស់យើងអនុញ្ញាតឱ្យវីងនិង Circle K ក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីបម្រើអតិថិជននិងបង្កើនអាជីវកម្មរបស់ខ្លួន ស្របពេលជាមួយគ្នានេះដែរនឹងនៅតែរក្សាបាននូវចក្ខុវិស័យរបស់យើង។

លោកកែវ ដេននីស អ្នកគ្រប់គ្រងទូទៅ នៃ Circle K បានមានប្រសាសន៍ថា“ នៅក្នុងទីផ្សារដែលយើងធ្វើប្រតិបត្តិការវាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មរបស់យើងដែលយើងធ្វើការជាមួយដៃគូ ដែលគួរឱ្យទុកចិត្ត។ នៅទូទាំងពិភពលោក Circle K គឺជាផ្នែកមួយដ៏ខ្លាំងបំផុតនៅក្នុងផ្នែកអាជីវកម្មរបស់យើង ហើយយើងខិតខំយ៉ាងខ្លាំងដើម្បីធានាភាពជាដៃគូរបស់យើងមិនត្រឹមតែធ្វើឱ្យយល់បានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយយើងលើកស្ទួយគុណតម្លៃរបស់យើងផងដែរ។ ដូច្នេះយើងមានសេចក្តីរីករាយក្នុងការបង្កើនវត្តមានរបស់យើងនៅកម្ពុជាជាមួយដៃគូដូចជាវីង។ ក្រុមហ៊ុនរបស់យើងចែករំលែកគោលដៅរួមមួយដើម្បីបម្រើអតិថិជនជាមួយផលិតផលនិងការផ្តល់ជូនដ៏ល្អបំផុតនិងចូលរួមចំណែករបស់យើងដើម្បីពង្រីកឱកាសសេដ្ឋកិច្ចដល់អ្នកដែលមិនមាន។ លោកកែវ ដេននីស បានបន្តថា “យើងមានក្តីសង្ឃឹមខ្ពស់សម្រាប់ប្រទេសកម្ពុជា ហើយជាមួយវីងយើងនឹងផ្តល់ភាពងាយស្រួលដើម្បីទទួលបានផលិតផលរបស់យើងនិងផ្តល់មធ្យោបាយមួយផ្សេងទៀតដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុ” ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖

ធនាគារឯកទេស វីង

Email: marketing@wingmoney.com

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

អំពីវីង

ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៦០០០កន្លែងនៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ២៥០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។

អំពី Circle K

Circle K ជាបណ្តាញហាងលក់ទំនិញរាយពហុសាខារបស់អាមេរិក ដែលដំណើរការដោយក្រុមហ៊ុន ធី អេច ស៊ី វី អេស ខូអិលធីឌី។ បង្កើតឡើងក្នុងឆ្នាំ ១៩៥១ Circle K សព្វថ្ងៃមាននៅសហរដ្ឋអាមេរិកកាណាដា ម៉ិចស៊ិកូ ហុងកុង ចិន ម៉ាកាវ ឥណ្ឌូនេស៊ី វៀតណាម UAE អេហ្ស៊ីប និងបណ្តាញជាច្រើនទៀតដែលសរុបប្រមាណជា ១៦ ០០០ ហាងនៅទូទាំងពិភពលោក។ នៅប្រទេសកម្ពុជាក្រុមហ៊ុន ធី អេច ស៊ី វី អេស គ្រោងនឹងបើកហាង Circle K ចំនួន ៣០០ហាងទៀត នៅទូទាំងប្រទេសដោយផ្តោតលើទស្សនវិស័យលក់រាយរបស់ប្រទេសនៅឆ្នាំ ២០២៦ ។

ក្នុងនាមជាហាងលក់ទំនិញរាយមួយកន្លែង Circle K គឺជាកន្លែងដែលអតិថិជនអាចរកទិញអាហារបានភ្លាមៗ ទិញភេសជ្ជៈ ដកប្រាក់ពីម៉ាស៊ីនអេធីអឹម បង់វិយបត្រ បញ្ចូលទឹកប្រាកទូរស័ព្ទ ផ្ទេរប្រាក់ ផ្ញើទំនិញរបស់អ្នកទៅគ្រប់ទីកន្លែងក្នុងប្រទេស ដែលនៅមិនឆ្ងាយពីអ្នក គ្រប់ពេលវេលាក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ (២៤/៧) ទាំងអស់គឺស្ថិតនៅក្នុងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាពនិងប្រើប្រាស់ Wifiដោយឥតគិតថ្លៃ។ អ្វីៗគឺដើម្បីអំពីភាពងាយស្រួល។