fbpx

វីង សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ជូនសេវាកម្មទូទាត់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មជូនប្រជាជនកម្ពុជា

កុម្ភៈ 28, 2017

ភ្នំពេញ៖ ធនាគារឯកទេសវីង បានបន្តពង្រីកវិសាលភាពរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយស្រួលលើការបង់កម្រៃសេវាសាធារណៈ។​ ធនាគារវីងបាន ប្រកាសជាផ្លូវការ លើការប្រមូលប្រាក់ទូទាត់ថ្លៃសេវាសាធារណៈរបស់ដៃគូក្រសួងសាធារណការ និងដឹកជញ្ជូនលើសេវាទូទាត់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកុងធីណង់តាល់។

 

ការផ្តល់ជូននេះ នឹងផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈពីការបង់ជាសាច់ប្រាក់ មកការបង់ប្រាក់តាមបែបបច្ចេកវិទ្យា សម្រាប់ប្រជាពលរដ្ឋដែលប្រើសេវាកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា ការចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការផ្តល់បណ្ណបើកបរយានយន្ត។ ដូច្នេះប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបង់កម្រៃដោយមិនចំាបាច់រង់ចំាយូរ ឬធ្វើដំណើរផ្លូវឆ្ងាយ។ អ្វីដែលលោកអ្នកត្រូវការ គឺគ្រាន់តែទៅកាន់គេហទំព័ររបស់ក្រសួងសាធារណការ ដើម្បីចុះឈ្មោះ រួចជ្រើសរើសវីងសម្រាប់ការទូទាត់។  អតិថិជនអាចធ្វើការទូទាត់តាមរយៈគណនីវីង ឬតាមភ្នាក់ងារវីងដែលមាននៅទូទំាងប្រទេស ដោយគ្រាន់តែយកវិក្កយបត្រដែលព្រីនចេញមកពីប្រព័ន្ធស្វ័យប្រវត្តិកម្មយកទៅអោយភ្នាក់ងារវីងដើម្បីធ្វើការទូទាត់ជាការស្រេច។

យោងតាមប្រសាសន៍ របស់លោក ចូចូ មាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេសវីង បានអោយដឹងថា “កិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយពេលវេលា ការចំណាយក្រៅផ្លូវការ ថែមទំាងមានសុវត្ថិភាព និងងាយស្រួល​ទៀតផង នៅពេលដែលពួកគេចង់ទូទាត់ថ្លៃសេវាតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង។ លើសពីនេះទៅទៀត វាគឹឺជាជំហានថ្មីមួយទៀតនៅក្នុងការនំាយកសេវាទូទាត់សាច់ប្រាក់តាមបែបទំនើបកម្មពីធនាគារវីងជូនដល់ប្រជាជនកម្ពុជា។ អតិថិជនយើងមិនចំាបាច់រង់ចំាយូរដូចមុននោះទេ ដោយអ្វីៗគ្រប់យ៉ាងនឹងត្រូវប្រតិបត្តិការតែមួយភ្លែតតែប៉ុណ្ណោះ។”

ដើម្បីចុះឈ្មោះសេវាកម្មផ្សេងៗ អតិថិជនគ្រាន់តែ ទៅកាន់គេហទំព័រខាងក្រោម ៖

 

វីង គឺជាធនាគារឯកទេសដែលផ្តល់សេវាកម្មផ្ទេរប្រាក់ចល័តឈានមុនគេនៅក្នុងប្រទេសកម្ពុជា ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្តន៍ ការទូទាត់ចំណាយតាមអីុនធឺណិត  វីងគិតលុយ (ការទូទាត់ដោយប្រើកាតវីង) និងសេវាផ្ទេរប្រាក់ពីក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989/ 012 999 489។