fbpx

អបអរគំរប់ខួប៩ឆ្នាំ ជាមួយនឹងការនាំមកនូវក្តីសង្ឈឹម វីងឧបត្ថម្ភអណ្តូងស្នប់ចំនួនពីរដល់ប្រជាជាជន ចំនួន ១០៧គ្រួសារ

សីហា 21, 2017

កំពង់ស្ពឺ៖ នាថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៧ ដើម្បីប្រារព្ធខួប៩ឆ្នាំ បុគ្គលិក ធនាគារឯកទេស វីងបានផ្តួចផ្តើមគំនិតឲ្យមានការផ្តល់ជូននូវអណ្តូងស្នប់ចំនួនពីរនិង ការបង្រៀនស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុដល់ប្រជាជននៅក្នុង ភូមិដូនទិព្វ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់ប្រជាជាជនចំនួន១០៧គ្រួសារឲ្យមាន លទ្ធភាពទទួលបានទឹកស្អាតនិងអប់រំប្រជាជនឲ្យយល់អំពីការគ្រប់គ្រងប្រាក់ចំណូល  របៀបចាប់ផ្តើម​សន្សំលុយ និងជៀសផុតពីការធ្លាក់ចូលបំណុលវ័នក។

ការជីកអណ្តូងត្រូវបានធ្វើឡើងមុនការដាក់ឲ្យប្រើប្រាស់នៅ ថ្ងៃសៅរ៍ ទី១៩ ខែសីហាឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការស្នើសុំរបស់សហគមន៍ដើម្បីដោះស្រាយ បញ្ហាកង្វះខាតនៃប្រភពទឹកស្អាតក្នុងរដូវប្រាំងខាងមុខ។ “ ភាពគ្មានលទ្ធភាពទទួលបាន ទឹកស្អាតជាទុក្ខសោកធំបំផុតសម្រាប់ប្រជាជន។ ​កង្វះទឹកស្អាតបណ្តាលឲ្យមានជំងឺដង្កាត់ដល់កូនៗរបស់ប្រជាជន គ្មានទឹកសម្រាប់ងូត គ្មានទឹកសម្រាប់ការលាងជម្រះ និងគ្មានទឹកសម្រាប់ការចិញ្ចឹមសត្វដែលអាចជាកត្តាធ្វើឲ្យប្រជាជនខ្វះខាតស្បៀងអាហារ និងមានចំណូលតិចតួច។ ” នេះបើយោងតាមប្រសាសន៍របស់ លោក ឈាង អ៊ិត​ ដែលជាមេឃុំប្រាំបីមុំ។

ក្នុងថ្ងៃដដែលនេះ ធនាគារឯកទេសវីង បានរៀបចំឲ្យមានការអប់រំជាមូលដ្ឋានទាក់ទងនឹងហិរញ្ញវត្ថុ ដែលមានប្រជាជន ប្រមាណ៥០គ្រួសារចូលរួម។ការអប់រំទាក់ទងនឹង ហិរញ្ញវត្ថុត្រូវបាន បង្រៀន ដោយ អ្នកស្រី ប្រាក់ លឹមហ៊ាង ដែលជាមន្រី្តគ្រប់គ្រងកម្មវិធីរបស់ ស៊ីអ៊ិនវេសមិន រួមជាមួយបុគ្គលិករបស់វីង។ ប្រជាជនចូលរួមទទួលបានចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុនិងកាន់តែយល់ច្បាស់ពីការគ្រប់គ្រងចំណូលនិងចំណាយ។អ្វីដែលសំខាន់ជាងនេះទៅទៀត ចំណេះដឹងទាំងនេះនឹងធ្វើអោយប្រជាជនជៀសផុតពីការជំពាក់បំណុលវ័នក។ លោក ម៉ា ធឿនដែលជាប្រជាពលរដ្ឋ នៅក្នុងភូមិ បានមានប្រសាសន៍ថា       “ ខ្ញុំពិតជារំភើបរីករាយណាស់ ដែលវីងបានមកជួយពួកយើង។ ខ្ញុំធ្លាប់តែបានប្រើប្រាស់វីងក្នុង ការផ្ញើនិង ទទួលប្រាក់ ពីគ្រួសាររបស់ខ្ញុំ។ ការជួយឧបត្ថមនិងជួយអប់រំដល់ប្រជាជនទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុពិតជាល្អខ្លាំងណាស់។​ ចាប់ពីពេលនេះតទៅពួកយើងយល់ច្បាស់ពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាពហើយ។ ​”

ភាពងាយស្រួលក្នុងការទទួលបានទឹកស្អាតនិងការបណ្តុះគំនិតឲ្យមានចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុអាចនំាមកនូវការប្រែប្រួលជាវិជ្ជមានមិនត្រឹមតែក្នុងសហគមន៍នោះទេ ថែមទំាងអាចមានការប្រែប្រួលទូទំាងប្រទេសក៏ថាបាន” នេះបើយោងតាមសុន្ទរកថារបស់លោក ចូចូ ម៉ាឡូឡូសដែលជានាយកប្រតិបត្តិ របស់ធនាគារឯកទេសវីង។ “វីងនៅតែបន្តផ្តល់នូវផលិតផលធនាគារនិងសេវាហិរញ្ញវត្ថុផ្សេងៗជាមួយនឹងបច្ចេកវិទ្យទំនើបនិងកាន់តែងាយស្រួលដល់អតិថិជន ព្រមទាំងនៅតែបន្តបើកគណនី វីងដោយឥតគិតថ្លៃដល់សហគមន៍ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសន្សំសំចៃកាន់តែច្រើន។”

ការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកវីងដើម្បីចូលរួមចំណែកជួយដល់សហគមន៍គឺផ្នែកមួយនៃទិសដៅរបស់ធនាគារ។