fbpx

2C2P ដាក់បង្ហាញ “easy2send” ដែលជាសេវាកម្មផ្ទេរប្រាក់ក្រៅប្រទេស ប្រកបដោយ ភាពរហ័ស សុវត្ថិភាព តម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់

សីហា 10, 2019

ទីក្រុងបាងកក ខែសីហា៖ ក្រុមហ៊ុន 2C2P បានបើកដំណើរការ “easy2send” ដែលជាសេវាកម្មផ្ទេរប្រាក់ក្រៅប្រទេសដោយមានការសហការជាមួយដៃគូក្នុងស្រុកនិងអន្តរជាតិ។ Easy2send ជួយសម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់ពីប្រទេសថៃទៅកាន់បណ្តាប្រទេសដទៃទៀត និងពីបណ្តាប្រទេសដទៃទៀតមកកាន់ប្រទេសថៃវិញ។ សេវាកម្មនេះទទួលបានអាជ្ញាប័ណ្ណផ្ទេរប្រាក់ពីធនាគារកណ្តាលថៃ។ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់នៅតាមកន្លែងទូទាត់ប្រាក់ច្រើនជាងមួយម៉ឺនកន្លែងក្នុងប្រទេសថៃ ជាមួយនឹងថ្លៃសេវាចាប់ពី ៩៩ បាត ហើយអ្នកទទួលនឹងទទួលបានប្រាក់ស្ទើរតែភ្លាមៗ។

លោក Piyachart Ratanaprasartporn នាយកប្រតិបត្តិក្រុមហ៊ុន 2C2P (ថៃ) ខូអិលធីឌី បានមានប្រសាសន៍ថា៖ “ប្រទេសថៃគឺជាផ្ទះទី២ របស់ពលករបរទេសជាង ២,១ លាននាក់ ហើយច្រើនជាង ៩០ ភាគរយនៃពួកគេ ជាជនជាតិមីយ៉ាន់ម៉ា ឡាវ និង កម្ពុជា។ ចំនួនជនបរទេសនៅក្នុងប្រទេសថៃបានកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន ក្នុងនោះជនជាតិជប៉ុនបានកើនខ្ពស់ជាងគេប្រមាណជា ៤%។ រីឯចំនួនជនជាតិចិនឈរនៅលំដាប់ទី២ ខណៈដែលជនជាតិអង់គ្លេសជាប់ចំណាត់ថ្នាក់ទី ៥ ដោយបានកើនឡើង​ ២៣% ហើយជនជាតិបារាំងជាប់ចំណាត់ថ្នាក់ទី ៨ កើនឡើង ១៧%។

ដើម្បីឆ្លើយតបចំពោះកំណើនពលករចំណាកស្រុកខាងលើ 2C2P បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុនៃប្រទេសជិតខាង មានដូចជា ធនាគារឯកទេសវីងនៅប្រទេសកម្ពុជា។

ការចុះឈ្មោះចូលជាសមាជិក “easy2send” ត្រូវបានបើកសម្រាប់ជនជាតិថៃនិងជនបរទេសទាំងអស់ នៅគ្រប់ការិយាល័យប្រៃសណីយ៍ថៃ និងភ្នាក់ងារ “easy2send”។ សមាជិកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឬ ធើ្វការទូទាត់ទៅក្រៅប្រទេស ដែលមានជាង មួយម៉ឺនកន្លែងនៅទូទាំងប្រទេសថៃ (ចំនួន ១២៣ភ្នាក់ងារ) ។ អ្នកទទួលនឹងទទួលបានប្រាក់នៅក្នុងគណនីធនាគារ ឬគណនីចល័ត​ ឬក៏ជាសាច់ប្រាក់ នៅតាមបណ្តាប្រទេសជាដៃគូទទួលផល  មានដូចជា នៅតាមភ្នាក់ងារវីងក្នុងប្រទេសកម្ពុជា។

លោក ឈុន វឌ្ឍនៈភក្តី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ នៃធនាគារឯកទេស វីង បានអះអាងថា៖ “តាមរយៈ “easy2send” ពលករកម្ពុជានៅប្រទេសថៃនឹងទទួលបានសេវាកម្មប្រកបដោយភាពរហ័ស ងាយស្រួលនិងសុវត្ថិភាព។ តាមរយៈគំនិតផ្តួចផ្តើមនេះ ភ្នាក់ងារវីងរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មដកប្រាក់សម្រាប់អ្នកទទួលប្រាក់នៅកម្ពុជាដែលមានភ្នាក់ងារវីងជាង ៧០០០ កន្លែង នៅទូទាំងប្រទេស”។

អំពី easy2send

easy2send គឺជាសេវាកម្មផ្ទេរប្រាក់ពី 2C2P ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារកណ្តាលថៃ។ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អនុវត្តការផ្ទេរប្រាក់ឆ្លងកាត់ព្រំដែនឬទូទាត់ប្រាក់ឆ្លងព្រំដែនពីប្រទេសថៃទៅប្រទេសដទៃទៀត ឬ ពីប្រទេសដទៃទៀតមកកាន់ប្រទេសថៃវិញ។ easy2send ផ្តល់ជូនសេវាផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយភាពរហ័ស តំលៃសមរម្យ សុវតិ្ថភាព និង ភាពងាយស្រួស ដោយជំនួសពីការផ្ទេរប្រាក់តាមបែបបុរាណ។ អ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការទូទាត់នៅតាមទីតាំង ច្រើនជាង ១០.០០០ កន្លែងនៅក្នុងប្រទេសថៃ ខណៈអ្នកទទួលប្រាក់នឹងអាចទទួលបានប្រាក់ស្ទើរតែភ្លាមៗឬមិនលើសពីថ្ងៃធ្វើការបន្ទាប់ដោយអាស្រ័យលើប្រទេសនីមួយៗ។ សេវាកម្ម easy2send ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីខែសីហាឆ្នាំ ២០១៩តទៅ ។

អំពី 2C2P

2C2P (www.2c2p.com) គឺជាអ្នកផ្តល់សេវាកម្មទូទាត់ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលផ្តល់ជូនសេវាទូទាត់ដ៏ទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មចល័ត ។ 2C2P អនុញ្ញាតឲ្យមាន ការទទួលយកការទូទាត់ តាមរយៈកាតឥណទាននិងឥណពន្ធ ក៏ដូចជាតាមរយៈវិធីសាស្ត្រទូទាត់ ដូចជា QR និងការទូទាត់តាមគណនីចល័ត បញ្ជរ អេធីអឹម​(ATM)ធនាគារចល័តនិងការទូទាត់សាច់ប្រាក់នៅតាមបញ្ជរ។

ក្រុមហ៊ុន 2C2P គឺជាក្រុមហ៊ុនដែលទទួលបាន ស្តង់ដារទៅលើសុវត្ថិភាព ផ្នែកទិន្នន័យ សម្រាប់ការទូទាត់តាមរយៈកាត (PCI-DSS) កម្រិតទី ១ ចាប់តាំងពីឆ្នាំ ២០១០ ដែលមានការិយាល័យនៅទូទាំងអាស៊ីអាគ្នេយ៍ ហុងកុង និងហូឡង់។