fbpx

វីងទទួលពានរង្វាន់នៅក្នុងកម្មវិធី Asia’s Best Employer Brand Awards ប្រចាំឆ្នាំ២០២០

ធ្នូ 4, 2020

វីងទទួលពានរង្វាន់មួយទៀតសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិក។

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានបន្តបង្ហាញពីចំណុចខ្លាំង​របស់​ខ្លួន​តាមរយៈបន្តធ្វើជាម្ចាស់ពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award) ប្រចាំឆ្នាំ២០២០ ក្នុងពិធីប្រចាំឆ្នាំលើកទី១១ដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress​ កាលពីខែតុលាថ្មីៗនេះ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស ​បាន​មាន​ប្រសាសន៍​ថា​៖ «ស្របតាមចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប វីងមិនត្រឹមតែដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានពានរង្វាន់នេះបានបង្ហាញពីការតាំងចិត្តដ៏មុតមាំសម្រាប់បុគ្កលិករបស់ខ្លួន។ យើងបានវិនិយោគលើបុគ្គលិករបស់យើងក្នុងការកសាងសមត្ថភាពរបស់ពួកគេឲ្យក្លាយជាអ្នកដឹកនាំពោពេញទៅដោយថាមពលតាមរយៈកម្មវិធីអភិវឌ្ឍន៍ជាច្រើន និងបានផ្តល់ឱកាសដល់ពួកគេសម្រាប់ការរីកចម្រើនផងដែរ»។

ដោយមានអ្នកជំនាញជិត ២០០០ នាក់មកពីជាង ១៣៣ ប្រទេស The World HRD Congress បានទទួលស្គាល់ ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដោយរួមមាន៖ក្រុមហ៊ុនសែលកាត(Cellcard) និងក្រុមហ៊ុនអ៊ីស៊ីខម Ezecom ផងដែរ។ The World HRD Congress ជាអង្គការឯករាជ្យមិនរកប្រាក់ចំណេញមួយ ដែលមានទិសដៅធ្វើឱ្យការងារ និងជីវិតរស់នៅកាន់តែល្អប្រសើរឡើង។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីង បានឲ្យដឹងថា៖​ «វីងផ្តល់ឱកាសជាច្រើនដល់បុគ្គលិកដើម្បីឲ្យពួកគេអាចចែករំលែកទស្សទាន ចូលរួមក្នុងការបង្កើតអ្វីថ្មីៗនិង ទទួលបានព័ត៌មានជាប្រចាំពីថ្នាក់ដឹកនាំតាមរយៈការជួបជុំ កម្មវិធីវប្បធម៌ក៏ដូចជាសកម្ម​ភាព​​​ជួយសហគមន៍ជាច្រើនផ្សេងទៀត។ វីងប្តេជ្ញារក្សារគោលដៅរបស់យើងឲ្យក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតក្នុងព្រះរាជាណាចក្រសម្រាប់អ្នកស្វែងការងារ»។

វិទ្យាស្ថាន The Employer Branding Instituteនិង World HRD Congress បានអបអរសាទរចំពោះវីងក្នុងការទទួលបានភាពជោគជ័យលើការលើកកម្ពស់បរិយាកាសការងារប្រកបដោយភាពវិជ្ជមាន។

«World HRD Congress លើកទឹកចិត្តដល់ធនាគារឯកទេស វីង (ខេមបូឌា)លីមីតធីត សូមបន្តនូវកិច្ច​ការងារដ៏ល្អ និងចែករំលែកការអនុវឌ្ឍន៍ដ៏ប្រសើរទាំងនេះដល់អ្នកផ្សេងទៀត ដើម្បីបង្កើតបានជាកន្លែងធ្វើការដ៏ល្អនិងមានវប្បធម៌ប្រសើរ។ ពានរង្វាន់នេះនឹងជួយពង្រីកវិសាលភាពនិងលើកទឹកចិត្តនិយោជិករបស់ធនាគារឯកទេសវីង ឱ្យធ្វើអ្វីៗបន្ថែមទៀតដើម្បីសម្រេចគោលដៅរបស់ស្ថាប័នពួកគេ» ។ នេះបើតាមសារអបអរសាទរតាមប្រព័ន្ធអេឡិចត្រូចនិចរបស់World HRD Congress។

វីងមានគោលបំណងជាក់លាក់ដើម្បីពង្រឹងស្ថាប័នមួយនេះឲ្យក្លាយជាកន្លែងធ្វើការដ៏ល្អបំផុត។ ក្នុងនាមជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា បុគ្គលិករបស់វីងបានកើនឡើងជាបន្តបន្ទាប់ឆ្លើយតមទៅនឹងកំណើននៃអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែងក្នុងឆ្នាំ២០១៩ បុគ្គលិកវីង បានកើនឡើងដល់ទៅ៤៥១នាក់ស្មើរហ្នឹង២២%បើប្រៀបធៀបកាលពីឆ្នាំទៅ។ វីងបានបន្តបង្កើនចំនួនបុគ្គលិករបស់ខ្លួនរហូតដល់ទៅ៥៨៩នាក់ក្នុងឆ្នាំ២០២០ បើទោះបីមានការរីករាតត្បាតជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

តាមរយៈការប្តេជ្ញាចិត្តរបស់វីងចំពោះការរក្សានិងអភិវឌ្ឍន៍បុគ្គលិករបស់ខ្លួន វីងបានជោគជ័យបង្កើតកម្មវិធីពង្រឹងសមត្ថភាពរបស់បុគ្គលិកជាច្រើន។ ក្នុងឆ្នាំកន្លងទៅ វីងបានប្រើប្រាស់ពេល១១០០០ម៉ោងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ដល់ជាង៤៤៥និយោជិកដោយរួមបញ្ចូលទាំងបុគ្គលិកចាស់និងបុគ្គលិកថ្មី។

លើសពីនេះទៅទៀតជារៀងរាល់ឆ្នាំ វីងផ្តល់ឱកាសដល់និស្សិតមកពីស្ថាប័នផ្សេងៗនៃគ្រឹះស្ថាន​ឧត្តមសិក្សាជាច្រើនដើម្បីចុះកម្មសិក្សា ហើយ៧៥%នៃពួកគេបានក្លាយជាបុគ្គលិកពេញម៉ោងរបស់វីង។

វីងបានចូលរួមចំណែកជួយដល់សហគមន៍ជាច្រើនតាមរយៈការបន្តលើកទឹកចិត្តបុគ្គលិករបស់ខ្លួនឲ្យចូលរួមកិច្ចការសង្គមនានារួមមាន៖ កិច្ចការសប្បុរសធម៌ ការបរិច្ចាគនិងឧបត្ថម្ភ ការថែរក្សាបរិស្ថាន កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងកម្មវិធីពង្រឹងសិទ្ធិអំណាចយេនឌ័រជាដើម។