fbpx

About Me:

ខ្ញុំបាទឈ្មោះ សឹង ចាន់ឆៃហេង។ ខ្ញុំអាចនិយាយបានថា ខ្ញុំជាអ្នកចូលចិត្តបច្ចេកវិទ្យា ចាប់តាំងពីកាលដែលខ្ញុំរៀននៅវិទ្យាល័យ នៅស្រុកកំណើតរបស់ខ្ញុំក្នុងខេត្តពោធិ៍សាត់។ ចំណាប់អារម្មណ៍នៅក្នុងវិស័យបច្ចេកវិទ្យាបានចាប់ផ្តើម នៅពេលដែលខ្ញុំចំណាយពេលវេលាសាកល្បងជួសជុលឧបករណ៍បញ្ជាទូរទស្សន៍ ទោះបីជាខ្ញុំមិនដឹងថាត្រូវជួសជុលវាយ៉ាងណាក៏ដោយ។ តាមពិតទៅ កាលនោះ ខ្ញុំគ្រាន់តែចង់ដឹងថាឧបករណ៍បញ្ជានោះមានផ្ទុកអ្វីខ្លះនៅខាងក្នុង។

Chanchhayheng Soeung

នៅឆ្នាំ 2016 ខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាពត៌មានពីសកលវិទ្យាល័យន័រតុន ដែលទីនោះ ជាកន្លែងដែលខ្ញុំបានធ្វើការជាមួយមិត្តភក្តិរបស់ខ្ញុំដើម្បីអភិវឌ្ឍកម្មវិធីផ្សេងៗដូចជាកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកជម្ងឺដែលសម្រាកនៅមន្ទីរពេទ្យ និងកម្មវិធីហ្គេមផ្សេងៗ។ យើងក៏មានឲកាសបង្ហាញស្នាដៃទាំងនោះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដែលរៀបចំឡើងនៅក្នុងសកលវិទ្យាល័យផ្ទាល់។ ភាពវិជ្ជមានដែលទទួលបានតាមរយៈកម្មវិធីតាំងពិព័រណ៌នេះ បានជំរុញចិត្តក្រុមរបស់ខ្ញុំ ឲ្យបន្តបង្កើតកម្មវិធីថ្មីៗ រហូតដល់យើងបានឈ្នះពានរង្វាន់ Hackathon នៅឆ្នាំ 2016 តាមរយៈកម្មវិធីលើទូរស័ព្ទដែលមានឈ្មោះថា “Pongkas” ដែលជាកម្មវិធីមួយដែលអនុញ្ញាតឲ្យអតិថិជនស្វែងរកកន្លែងប៉ះកង់តាមរយៈការស្រាវជ្រាវចេញពីទូរស័ព្ទដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត។
ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំបានធ្វើជាបុគ្គលិកហាត់ការម្នាក់ មុនពេលចូលទៅបម្រើការងារពេញម៉ោងជាអ្នកអភិវឌ្ឍកម្មវិធី java នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ បច្ចុប្បន្ន ខ្ញុំមានតួនាទីជា System Developer នៅធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត។

My Passion:

ក្នុងនាមជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា ខ្ញុំតែងតែធ្វើការដោះស្រាយនឹងបញ្ហាដែលប្រឈមមុខ តាមរយៈវិធីសាស្ត្រផ្សេងពីគេ។ ជំនួសឲ្យការសម្រាក បន្ទាប់ពីធ្វើការងារពេញមួយថ្ងៃ ខ្ញុំតែងតែប្រើពេលទំនេររបស់ខ្ញុំលេងហ្គេមតាមអនឡាញ ព្រោះខ្ញុំយល់ថាវាជួយបង្កើនស្មារតីខ្ញុំឲ្យរឹងប៉ឹង និងមានអារម្មណ៍ស្រស់ស្រាយ។ នេះជាវិធីសាស្ត្ររបស់ខ្ញុំ ក្នុងការដោះស្រាយផ្នែកបញ្ហាផ្លូវចិត្ត។ ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាផ្លូវកាយ ខ្ញុំតែងតែធ្វើលំហាត់ប្រាណតាមរយៈការរត់ ព្រោះវាជួយឲ្យរាងកាយខ្ញុំមានសុខភាពល្អ និងរឹងមាំ។

ឲកាសរបស់ខ្ញុំ

ខ្ញុំសប្បាយចិត្តដែលខ្ញុំធ្វើការនៅធនាគារឯកទេសវីង ព្រោះវាជាក្រុមហ៊ុនដែលខ្ញុំស្គាល់តាំងពីខ្ញុំនៅក្មេង - វាដូចជារឿងចៃដន្យ ដែលអ្នកអាចធ្វើការនៅកន្លែងធ្វើការក្នុងក្តីសុបិន្តរបស់អ្នកនិងចូលរួមអភិវឌ្ឍបច្ចេកវិទ្យាថ្មីដើម្បីជាផលប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។ ការធ្វើការនៅធនាគារឯកទេសវីង អនុញ្ញាតឲ្យខ្ញុំមានឲកាសកាន់តែប្រសើរឡើងដើម្បីអភិវឌ្ឍខ្លួនខ្ញុំប្រកបដោយវិជ្ជាជីវៈ ព្រោះថាក្រុមហ៊ុននេះមានគម្រោងថ្មីៗជាច្រើន ដែលកំពុងរង់ចាំមនុស្សដូចជាខ្ញុំ ក្នុងការធ្វើឲ្យគម្រោងនោះទៅជាការពិត ហើយខ្ញុំក៏រីករាយដែលខ្ញុំជាផ្នែកមួយនៃដំណើរផ្លូវមួយនេះ។

អំពីវីង

វីងមើលទៅហាក់ដូចជាក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែបរិយាកាសការងារនៅទីនោះ គឺមានលក្ខណៈស្តង់ដារដូចក្រុមហ៊ុនអន្ដរជាតិដទៃទៀតដែរ។ សម្រាប់អ្នកដែលចូលចិត្តធ្វើការជាក្រុម វីងគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ធ្វើការនៅវីង អ្នកមិនដែលមានអារម្មណ៍ធុញទ្រាន់នោះទេ ដោយហេតុថា អ្នកទទួលបាននូវតុល្យភាពការងារនិងជីវិតដ៏ល្អ - ទាំងអស់នេះធ្វើឲ្យការធ្វើការងារប្រចាំថ្ងៃនៅវីង ហាក់ដូចជាអ្នកកំពុងស្ថិតនៅផ្ទះរបស់អ្នកផងដែរ។ "វាជាកន្លែងការងារមួយដែលមនុស្សគ្រប់គ្នាធ្វើការអស់ពីបេះដូង ដោយសារពួកគេមានអារម្មណ៍ថាទីនេះ ហាក់ដូចជាផ្ទះរបស់ខ្លួន។ ខ្ញុំគិតថា ការធ្វើការក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាន ពិតជាមានភាពតានតឹង ប៉ុន្តែវីងមិនដែលធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះឡើយ"

ដំបូន្មានរបស់ខ្ញុំ

ខ្ញុំសូមលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាខិតខំធ្វើការងារគ្រប់បែបយ៉ាងពីព្រោះការខិតខំប្រឹងប្រែងលើការងារ នឹងផ្តល់ឱ្យអ្នកនូវលទ្ធផលមកដល់អ្នកនាថ្ងៃណាមួយ។ មិនមែនមនុស្សទាំងអស់ដែលខំប្រឹងធ្វើការនោះសុទ្ធតែទទួលបានជោគជ័យទេ ប៉ុន្តែមនុស្សដែលជោគជ័យទាំងអស់សុទ្ធតែជាមនុស្សដែលខិតខំប្រឹងប្រែងធ្វើការងារយ៉ាងលំបាក។ យើងត្រូវយល់ដឹងពីព័ត៌មានលម្អិតនិងយកចិត្តទុកដាក់លើការងារដែលយើងធ្វើ ដូច្នេះយើងនឹងអាចធ្វើការងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។