fbpx

បង់ប្រាក់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ងាយស្រួលហើយមិនមានថ្លៃសេវាពីវីង

ឧសភា 2, 2018

ចាប់ពីថ្ងៃនេះតទៅ សប្បុរសជននឹងមានភាពងាយស្រួលជាងមុនក្នុងការចូលរួមវិភាគទានជួយដល់មូលនិធិ គន្ធបុប្ផាកម្ពុជា ដោយមិនចាំបាច់បង់ថ្លៃសេវាអ្វីឡើយ តាមរយៈគណនីវីង និងភ្នាក់ងារវីងជាង ៥០០០កន្លែងទូទាំង ប្រទេស។ នេះជាកិច្ចសហការរវាង ធនាគារឯកទេសវីង និងមូលនិធិគន្ធបុប្ផា ដើម្បីផ្តល់លទ្ធភាពឲ្យពលរដ្ឋ​កម្ពុជា​ចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

លោកចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស​ វីង មានប្រសាសន៍ថា “កិច្ចសហការនេះ នឹងផ្តល់ភាព​ងាយស្រួលដល់សប្បុរសជនទាំងអស់ ក្នុងការ​ផ្ទេរប្រាក់ដើម្បីជួយស្រោចស្រង់អនាគតកុមារនៅកម្ពុជា មិនថា​ពួក​គាត់នៅទីណា ឬកំពុងធ្វើកិច្ចការអ្វីឡើយ។ នេះជាគោលបំណងរបស់ធនាគារឯកទេសវីង ដើម្បីផ្តល់ភាពងាយ​ស្រួលដល់ប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់ មិនថាក្នុងរូបភាពពាណិជ្ជកម្ម ឬមនុស្សធម៌ក្តី។”

“ក្នុងនាមជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក យើងពិតជាចង់ចូលរួមចំណែកក្នុងការជួយប្រមូលវិភាគទានជូន មូលនិធិគន្ធបុប្ផាកម្ពុជា ហើយយើងសង្ឃឹមថា តាមរយៈសកម្មភាពនេះ យើងនឹង​ឃើញមានការចូលរួមជាច្រើនពីប្រជាជនកម្ពុជា ក្នុងការជួយអភិវឌ្ឍអនាគតកុមារកម្ពុជា។”

ការបង់ប្រាក់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជានេះ ចាប់ផ្តើមចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨តទៅ ដែលសប្បុរសជនអាចធ្វើការ បង់ប្រាក់ឧបត្ថម្ភ​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដោយមិនគិតថ្លៃសេវា​ តាមរយៈសេវាកម្មបីប្រភេទ ដែល ធនាគារឯកទេសវីងផ្តល់ជូន រួមមានៈ

១. ភ្នាក់ងារវីងៈ សប្បុរសជនគ្រាន់តែទៅកាន់ភ្នាក់ងារវីងណាមួយដែលនៅជិតពួកគេ ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឧបត្ថម្ភជាប្រាក់រៀល ឬដុល្លារ និងផ្តល់លេខទូរស័ព្ទសប្បុរសជនដល់ភ្នាក់ងារវីង។

២. កម្មវិធីស្មាតហ្វូន វីង: សប្បុរសជនគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូន វីង រួចចូលទៅកាន់ Bill Payment រួចបញ្ចូលលេខ​កូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ)។ បន្ទាប់មក សប្បុរសជន អាចបញ្ចូលចំនួនទឹកប្រាក់ដែលពួកគាត់ចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ រួចបញ្ចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់៤ខ្ទង់ ជាការស្រេច។

៣. តាមរយៈ *989#: សប្បុរសជនដែលមានគណនីវីង គ្រាន់តែចុច *៩៨៩# រួចចុចបញ្ចូននៅលើទូរស័ព្ទ និងជ្រើស​យក Bill Payment រួចបញ្ចូលលេខ​កូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ)។ បន្ទាប់មក សប្បុរសជន អាចបញ្ចូលចំនួនទឹកប្រាក់ដែលពួកគេចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ រួចបញ្ចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់៤ខ្ទង់ ជាការស្រេច។

មន្ទីរពេទ្យ​គន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតជនជាតិស្វីស លោកបេអាត រិចឆ្នឺរ ដែលបើក​ដំណើរការ និង​ផ្ដល់​សេវា​ព្យាល​ជំងឺ​ដោយមិនគិតថ្លៃ ជូនដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​​​នៅកម្ពុជា អស់​រយៈពេល​ជាង ២៥ឆ្នាំ​ហើយ។ ដោយមើលឃើញពីបញ្ហាប្រឈមផ្នែក​ថវិកា ដែល​ទាម​ទារ​ឱ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់ និង​រយៈពេល​វែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាស​បើក​សម្ពោធ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។