fbpx

វីងត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

មីនា 9, 2021

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត។

ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីងបានមានប្រសាសន៍ថា៖ “ សុវត្ថិភាពរបស់បុគ្គលិកគឺជាអាទិភាពសំខាន់របស់យើង។ ខណៈពេលដែលឆ្នាំ២០២០ យើងបានប្រឈមនូវបញ្ហាជាច្រើនពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ យើងក៏បានដាក់ចេញនូវវិធានការណ៍ជាច្រើនដើម្បីធានាថានិយោជិតរបស់យើងអាចបំពេញភារកិច្ចរបស់ពួកគេប្រកបដោយសុវត្ថិភាពនិងស្ថេរភាព។”

នៅក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងទាំងនេះ វីងបានទទួលពានរង្វាន់“ស្លាកយីហោនិយោជកឆ្នើមនៅកម្ពុជាឆ្នាំ ២០២០” ក្នុងកម្មវិធីប្រគល់រង្វាន់ស្លាកយីហោនិយោជកលើកទី ១៤ ដែលរៀបចំដោយវិទ្យាស្ថានEmployer Branding Institute នៃ World HRD Congress & Stars of the Industry Group ។ វីងក៏ត្រូវបានគេទទួលស្គាល់ផងដែរជាមួយនឹងពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award)ក្នុងពិធីដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress​ កាលពីខែតុលាថ្មីៗនេះ។

ថ្មីៗនេះវីងត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់”ក្រុមហ៊ុនល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីធ្វើការនៅអាស៊ី” ដោយ HR Asia 2020 សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះនិយោជិត។ នៅក្នុងព្រឹត្តិការណ៍នេះ វីងរួមជាមួយសែលកាតត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Asia HR ដែលជាទស្សនាវដ្តីមួយឈានមុខ នៅក្នុងឧស្សាហកម្មនេះ។ ពានរង្វាន់នេះគ្របដណ្តប់ដល់ប្រទេសចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ ប្រទេសវៀតណាម និងមជ្ឈិមបូព៌ា ។

ចាប់តាំងពីឆ្នាំមុនមក ដោយអនុលោមទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ​១៩នៅប្រទេសកម្ពុជា បុគ្គលិកវីងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះដើម្បីរក្សាគម្លាតសង្គមនៅក្នុងការិយាល័យ។ សម្រាប់ការងារនៅក្នុងការិយាល័យ វីងផ្តល់ម៉ាស់និងអាល់កុលដោយឥតគិតថ្លៃហើយបានអនុវត្តការត្រួតពិនិត្យសុខភាពជាប្រចាំនិងការស្ទង់មតិប្រចាំថ្ងៃដែលត្រូវបានអនុវត្តតាំងពីឆ្នាំមុនដល់បច្ចុប្បន្ន។

ក្រៅពីវិធានការណ៍ដែលទាក់ទងទៅនឹងកូវីដ១៩​ វីងក៏បានបន្តវិនិយោគជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកផងដែរ។

ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ វីងបានចំណាយពេលជាង២០០០ម៉ោងក្នុងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកទាំងចាស់និងថ្មី។ និយោជិតម្នាក់ៗត្រូវបានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ិនធឺណិតដែលរួមមានវគ្គសិក្សាផ្សេងៗអំពីការងារប្រចាំថ្ងៃនិងការអភិវឌ្ឍខ្លួនរយៈពេលវែង។ ជារៀងរាល់ឆ្នាំ វីងបង្កើតឱកាសសម្រាប់សិស្សនិស្សិតមកពីស្ថាប័នផ្សេងៗដើម្បីចុះកម្មសិក្សានិងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ។ ជាលទ្ធផលនៃបរិយាកាសការងារដ៏ល្អនៃវីង ៧៦%នៃអ្នកហាត់ការជាមួយវីងបានរក្លាយជាបុគ្គលិកពេញម៉ោងនៅឆ្នាំ ២០២០ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីងបានមានប្រសាសន៍ថា៖“ វីងតែងតែប្តេជ្ញាផ្តល់ជូនបុគ្គលិកនូវបទពិសោធន៍ល្អបំផុតនៅទីនេះ តាមរយៈការយកចិត្តទុកដាក់និងបណ្តុះបណ្តាលសមត្ថភាពដល់ពួកគេ” ។ យើងតែងតែផ្តោតលើការផ្តល់ឲ្យនិយោជិតនូវឱកាសដែលផ្តល់នូវផលប្រយោជន៍សម្រាប់ពួកគេ អាជីវកម្ម និងសហគមន៍ទាំងមូល។”

ការយកចិត្តទុកដាក់ចំពោះសហគមន៍បានស្ថិតនៅក្នុងការតាំងចិត្តរបស់វីងជានិច្ច តាមរយៈការដឹកនាំបុគ្គលិកឲ្យចូលរួមក្នុង​សកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន។ កាលពីឆ្នាំមុន វីងបានសម្របសម្រួលការរៃអង្គាសប្រាក់សម្រាប់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍ដែលរងប៉ះពាល់ដោយកូវីដ​១៩ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប សាងសង់ផ្លូវនៅកំពង់ស្ពឺ ឧបត្ថម្ភគាំទ្រដល់ពលករចំណាកស្រុកកម្ពុជានៅប្រទេសកូរ៉េខាងត្បូង រៀបចំពិធីកម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិក សហការជាមួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត ការបរិច្ចាគកុំព្យូទ័រយួរដៃនិងសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩។ វីងក៏បម្រើសេវាផ្តល់មូលនិធិគាំពារសង្គមដល់ប្រជាជនក្រីក្រដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផងដែរ៕