fbpx

ការវិនិយោគអចលនទ្រព្យគួរតែភ្ជាប់មកជាមួយ នូវការទូទាត់ប្រាក់ដែលមានងាយស្រួល

សីហា 22, 2018

“ការវិនិយោគអចលនទ្រព្យ គួរតែភ្ជាប់មកជាមួយនូវការទូទាត់ប្រាក់ដែលមានងាយស្រួល” នេះគឺជាជំនឿមួយ របស់ភ្នាក់ងារដែលប្រកបដោយជំនាញក្នុងការគ្រប់គ្រងអចលនទ្រព្យ ខេបភីថល មេននេចមិន សូលូសិន (ស៊ី អ៊ឹម អេស) និងអ្នកផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅកម្ពុជា ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត​។ នាថ្ងៃនេះ ក្រុមហ៊ុនទាំងពីរបានចុះកិច្ចហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដំបូងបង្អស់ ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬថ្លៃអចលនទ្រព្យនៅកម្ពុជា។

ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនដែលមានទំនុកចិត្តលើសេវាកម្មឥតខ្ចោះ ដែលផ្តល់ជូនដោយភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃជួលប្រចាំខែ ថ្លៃទឹកភ្លើង ថ្លៃគ្រប់គ្រង និងសេវាកម្មផ្សេងៗទៀត បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈសេវាធនាគារចល័តដែលផ្តល់ជូនដោយវីង។ អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ទាំងនេះ ដោយចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ឬវាយលេខកូដ USSD * 989 #​ ក៏ដូចជាទៅកាន់​ភ្នាក់ងារជាង៥០០០កន្លែង ទូទាំងប្រទេសដើម្បីធ្វើការទូទាត់ប្រាក់។

មានប្រសាសន៍ក្នុងពិធីនេះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានប្រាប់ឲ្យដឹងថា ការចាប់ដៃគូរវាងធនគារឯកទេសវីង និងភ្នាក់ងារអចលនទ្រព្យ ស៊ី អ៊ឹម អេស មិនត្រឹមតែរួមចំណែកក្នុងការធ្វើមានងាយស្រួលក្នុងការឱ្យទទួលសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនប៉ុណ្ណោះទេ។ ជាក់ស្តែង វាក៏ចូលរួមចំនែកជួយដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិត និងការរចនាដែលគិតដល់អ្នកប្រើប្រាស់ជាធំ។

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងមានបំណងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ ស៊ី អ៊ឹម អេស ក្នុងការបង់ថ្លៃជួល ក៏ដូចជាសេវាកម្មដែលពាក់ព័ន្ធផ្សេងទៀតតាមប្រព័ន្ធឌីជីថល ដែលជាបច្ចេកវិទ្យា​ទូទាត់ប្រាក់តាមអនឡាញផ្តល់ជូនដោយវីង ដែលអាចឲ្យអតិថិជនធ្វើការទូទាត់តាមរយៈទូរស័ព្ទប្រភេទស្មាតហ្វូន​ ឬទូរស័ព្ទធម្មតា បានយ៉ាងងាយស្រួលនៅគេហដ្ឋានរបស់ពួកគេ ឬនៅគ្រប់ទីកន្លែង។”

លោក ចូវ៉ានី អេនតូនីញ៉ូ នាយកគ្រប់គ្រង ភ្នាក់ងារស៊ី អ៊ឹម អេស មានប្រសាសន៍ថាក្រុមហ៊ុនតែងតែស្វែងរកវិធីសាស្រ្តដែលល្អប្រសើរជាងមុន ដើម្បីឱ្យប្រាកដថា អតិថិជនរបស់យើងពេញចិត្តនឹងសេវាកម្មរបស់យើង ចាប់ពីពេលដែលពួកគេមកទទួលសេវាកម្មណែនាំទាក់ទងនឹងការវិនិយោគអចលនទ្រព្យ រហូតដល់ពេលដែលពួកគាត់សម្រេចចិត្តក្លាយជាម្ចាស់អចលនទ្រព្យនោះ។

លោក អេនតូនីញ៉ូ “យើងបានឃើញឧទាហរណ៍ជាច្រើន ដែលធនាគារឯកទេសវីងបានធ្វើកន្លងមក​ ពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ជាមួយស្ថាប័ននានា។ ហេតុដូច្នេះ ស៊ី អ៊ឹម អេស បានបង្កើតយុទ្ធសាស្រ្តដែលនឹងធ្វើឱ្យយើងក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលបានធ្វើជាដៃគូសហការជាមួយធនាគារ ដើម្បីណែនាំដំណោះស្រាយទូទាត់ដោយមិនប្រើសាច់ប្រាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃវិស័យគ្រប់គ្រងអចលនទ្រព្យ។ ទាំងនេះក៏ជាផ្នែកមួយនៃជំហានដំបូងរបស់ក្រុមហ៊ុនយើងក្នុងការរួមបញ្ចូលគ្នានូវសេវាកម្មអចលនទ្រព្យ និងបច្ចេកវិទ្យា ហើយយើងសង្ឃឹមថា ការនាំមកជូនថ្មីនេះ នឹងក្លាយជាឲកាសនៃការច្នៃប្រឌិតថ្មីៗក្នុងវិស័យសេវាកម្មអចលនទ្រព្យ ដែលស្រដៀងទៅនឹងសេវាកម្មនៅក្រៅប្រទេសផងដែរ។

ដើម្បីរីករាយជាមួយវិធីងាយស្រួលក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទដៃ អតិថិជនស៊ី អ៊ឹម អេស ត្រូវតម្រូវឲ្យចុះឈ្មោះបង្កើតគណនីវីង។ ដើម្បីបង្កើតគណនីវីង អតិថិជនអាចទាញយកកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានមួយចំនួន។​ ពួកគេក៏អាចទៅកាន់ភ្នាក់ងារវីង ខាស អ៊ិចប្រេស ឬវីងមីនីដើម្បីទទួលបានគណនីនេះ។ ជាមួយនឹងបច្ចេកវិទ្យាផ្តល់ជូនដោយវីង ពួកគេក៏អាចធ្វើប្រតិបត្តិការជាច្រើនតាមរយៈកម្មវិធីស្មាតហ្វូនវីង រួមមានបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់និងជាច្រើនទៀត។

អ្នកឧកញ៉ា គិត លីផាន់ណា នាយកប្រតិបត្តិភ្នាក់ងារ ស៊ី អ៊ឹម អេស បានមានប្រសាសន៍ថា “គោលដៅមួយដ៏សំខាន់របស់យើងនៅឆ្នាំនេះ គឺការកែលម្អឥតឈប់ឈរនៅក្នុងដំណើរការលើកកម្ពស់ការផ្តល់ជូនសេវាកម្មអតិថិជនរបស់យើង។ យើងបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នហើយបានវិភាគពីដំណើរការរបស់វា។ យើងបានរកឃើញថា មធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនសមត្ថភាពសេវាកម្មរបស់យើងគឺតាមរយៈការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ នេះរួមបញ្ចូលទាំងការចាប់ដៃគូសហការជាមួយ ធនាគារ ឯកទេសវីងផងដែរ។ លើសពីនេះទៀត យើងក៏បានបង្កើតសេវាកម្មទីផ្សារផ្ទាល់ខ្លួនរបស់យើងដែល នឹងធ្វើឲ្យប្រសើរឡើងនូវបរិបថនៃការជួលអចលនទ្រព្យនិងអត្រាជោគជ័យរបស់អតិថិជនរបស់យើង។ យើងចង់ប្រកាសជាផ្លូវការនូវសេវាកម្មនេះនាពេលអនាគត។ ការផ្តោតការយកចិត្តរបស់យើងនឹងបន្តធានាឲ្យបាននូវ ដំណើរការបទពិសោធន៍អតិថិជនដ៏អស្ចារ្យ សម្រាប់អតិថិជនរបស់យើងទាំងអស់ទោះបីជាពួកគេជាអ្នកអភិវឌ្ឍ អ្នកកាន់កាប់ ឬអ្នកជួលអចលនទ្រព្យក៏ដោយ។

អ្នកជំនាញនិងវិនិយោគិននៅក្នុងវិស័យអចលនទ្រព្យបានព្យាករណ៍ថា កម្ពុជានឹងទទួលបានកំណើនយ៉ាងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ 2018 ។ គេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានខុនដូចំនួន 13,000 បន្ថែមទៀតនឹងមានវត្តមានក្នុងទីផ្សារនៅឆ្នាំ 2018 ខណៈពេលដែលតម្រូវការជួលការិយាល័យនៅតែជាតម្រូវការ ជាពិសេសអគារថ្នាក់ B និងថ្នាក់ C ដែលជាអាគារដែលមានតម្រូវការខ្ពស់ នៅក្នុងដំណាក់កាលនៃ ការអភិវឌ្ឍនេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ភ្នាក់ងារ ខេបភីថល មេននេចមិន សូលូសិន (ស៊ី អ៊ឹម អេស)
លោកស្រី ចរិយា រចនី
ទូរស័ព្ទៈ ០១៦ ៥២៥ ៣៤៤
អ៊ីម៉ែលៈ Rachny@cms-propertymanagement.com

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
លោក ហុង ច័ន្ទភក្រ្តា
ទូរស័ព្ទៈ ០៧៧ ៩៩៥ ២៩៥
អ៊ីម៉ែលៈ marketing@wingmoney.com