fbpx

ធ្វើដំណើរដោយឥតគិតថ្លៃជាមួយកាតរថយន្តក្រុងសាធារណៈ និងកាតវីង

កក្កដា 9, 2018

ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ នឹងរីករាយជាមួយនឹង​ការធ្វើដំណើរដោយឥតគិតថ្លៃនៅលើ​រថយន្ត​ក្រុង​សាធារណៈ​ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨។ កម្មវិធីផ្តល់ជូននេះ គឺសម្រាប់តែអតិថិជន​ដែលទូទាត់ថ្លៃធ្វើដំណើរដោយប្រើប្រាស់កាត​រថយន្ត​​ក្រុងសាធារណៈ និងកាតវីងតែប៉ុណ្ណោះ។

កម្មវិធីពិសេសនេះ គឺជាកិច្ច ខិតខំប្រឹងប្រែងមួយទៀតរបស់វីង ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈនៅក្នុងទីក្រុង បន្ទាប់ការដាក់ដំណើរការជាផ្លូវការ នូវកាតរថយន្តក្រុង​សាធារណៈ​ជាលើកដំបូង កាលពីបីសប្តាហ៍មុន។ កាតរថយន្តក្រុងសាធារណៈ អាចឱ្យអ្នកដំណើរ​ទូទាត់​ថ្លៃ​ធ្វើដំណើរ ដោយគ្រាន់តែថេបកាត នៅលើម៉ាស៊ីនអេឡិចត្រូនិកដែលបំពាក់នៅឡានក្រុងទាំង ១៥៥ ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា “ការផ្តល់ជូននេះ​នឹងជួយ​ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានកាន់តែច្រើន និងចំនាយថវិកាតិច ជំរុញស្មារតីនៃការធ្វើដំណើរតាម​សេវាដឹកជញ្ជូនសាធារណៈ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរបែបថ្មី ដែលប្រកបដោយភាព​ងាយស្រួល។”

លោក​ ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “វាពិតជារឿងដ៏សាំញ៉ាំសម្រាប់អ្នកធ្វើដំណើរជាច្រើន ដោយសារពួកគាត់ត្រូវត្រៀមលុយរាយ មុនពេល​ធ្វើ​ដំណើរតាមរថយន្តក្រុង។ ជាមួយនឹងកាត​រថយន្ត​ក្រុង​សាធារណៈ អ្វីដែលអ្នកត្រូវការ​គឺគ្រាន់តែកាត​មួយ​តែប៉ុណ្ណោះ ហើយអ្នកអាចត្រៀមខ្លួនរួចជាស្រេច​ក្នុងការធ្វើដំណើរពីកណ្តាលទីក្រុង ទៅលេងសាច់​ញាតិរបស់អ្នករស់នៅក្នុងជាយក្រុង និងកន្លែងជា​ច្រើន​ទៀត។ កម្មវិធីជិះឡានក្រុងដោយឥតគិតថ្លៃនេះ គឺគ្រាន់តែជាការផ្តល់ជូនមួយ​ក្នុងចំណោម​ការផ្តល់ជូនជាច្រើន សម្រាប់អតិថិជនដែលប្រើប្រាស់កាត​រថយន្តក្រុងសាធារណៈ និងកាតវីង។”

កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅ​គ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីង​គ្រប់ទីកន្លែង។

លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន​​ ឱ្យដំណើរការ ប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យ​កណ្តាលធនាគារ​ឯកទេស​វីង។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់​គណនីគ្មានកាត​ ពួកគាត់​ត្រូវតម្រូវឲ្យបង្កើតកាតវីង​ ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើង​ជិះរថយន្ត​ក្រុងសាធារណៈ។

អ្វីដែលគួរអោយចាប់អារម្មណ៍​អំពីកាតរថយន្តក្រុងសាធារណៈនេះ គឺថា វាក៏មានភ្ជាប់ជាមួយ នឹង​គណនី​ វីង ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការផ្សេងៗដូចជា ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ និងទិញទំនិញ​តាមអនឡាញជាដើម។

អញ្ចឹង! នោចាំអីទៀត? បង្កើតកាតរថយន្តក្រុងសាធារណៈឥឡូវនេះ និងធ្វើដំណើរដោយឥតគិតថ្លៃ​ជុំវិញរាជធានីភ្នំពេញ!