fbpx

USAID ធនាគារ​វីង និង Boost Capital សម្ពោធជាផ្លូវការនូវ​យន្តការ ​កម្ចី​ខ្នាតតូច និងអបអរសាទរ​ភាពជាដៃគូក្នុ​ងវិស័យឯកជន

មិថុនា 18, 2021

សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹង​ទទួលបានអត្ថប្រយោជន៍ពី​សេវាកម្ម​ហិរញ្ញវត្ថុ​​ពិសេស​ដែលជាលទ្ធផលនៃការ​​ចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នា​ ​រវាង​​គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) ​ដែល​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​អនុវត្ត​ដោយអង្គការផេក (Pact) ធនាគារ វីង (ខេមបូឌា) ម.ក និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ Boost Capital។

អនុស្សារណៈនៃការយោគយល់គ្នានេះ​ផ្តល់នូវ​សេវាកម្ម និងផលិតផលហិរញ្ញវត្ថុ​ដែលមានតំលៃសមរម្យ​ដើម្បីបង្កើន​លទ្ធភាព​ទទួល​បានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី​ដែលមិន​​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​​នៅ​កម្ពុជា ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងដែល​មានអាជីវកម្មខ្នាត​មីក្រូ និង​ខ្នាតតូច ដែល​ច្រើនតែមិនត្រូវ​​នឹង​ល័ក្ខខ័ណ្ឌ​​​របស់​ធនាគារ ឬ​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ផ្តល់​សេវាហិរញ្ញវត្ថុផ្លូវការ ហើយ​បាន​រងផលប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរពីវិបត្តិនៃ​ជំងឺរាត​ត្បាតកូវីដ-១៩។ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា លោកស្រី Sabine Joukes នាយិកា​អង្គការ​ផេក​ប្រចាំ​កម្ពុជា និងជា​នាយិកាគម្រោង WE Act លោក ហោ ប៊ុនថែ អគ្គនាយករង​ធនាគារ​វីង និង​លោកស្រី Lucinda Revell សហស្ថាបនិក Boost Capital បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

លោក Patrick Murphy មានប្រសាសន៍ថា៖ «សហគ្រិនស្ត្រី​កម្ពុជាគឺជា​តួអង្គសំខាន់​នៅក្នុងសេដ្ឋកិច្ច​កម្ពុជា។ ការធានាឱ្យ​ពួកគេមានធនធានដែលពួកគេត្រូវការ​ដើម្បីទទួលបានជោគជ័យ​នឹង​ផ្តល់​ផល​ប្រយោជន៍​​ដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈ​ការជំរុញកំណើនសេដ្ឋកិច្ច​ដែលត្រូវការ​ដើម្បី​​កាត់​បន្ថយផល​ប៉ះពាល់​នៃជំងឺរាតត្បាត»។

លោកស្រី Sabine Joukes មាន​ប្រសាសន៍​ថា៖ «យើងមានមោទនភាពដែលស្ថាប័នដៃគូវិស័យឯកជន២​​​ផ្សេង​គ្នា​បង្កើតឱ្យ​មាន​​ផលិតផល​ហិរញ្ញវត្ថុ​ ជា​ពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់២ក្នុង​​ការទទួល​បាន​​ហិរញ្ញប្បទាន ដែលរួម​​មាន​​​​ការ​តម្រូវ​ឱ្យ​​មាន​ការ​​​​​ចុះបញ្ជីអាជីវកម្ម​ និង​​មាន​​ទ្រព្យ​បញ្ចាំ​ពី​​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​​​។ បញ្ហា​ទាំង​២​នេះ​​​ធ្វើឱ្យ​សហគ្រិន​ស្ត្រីជា​ច្រើន​​​មិន​មាន​លទ្ធភាពទទួលបានហិរញ្ញប្បទាន​ដែល​​មាន​តម្លៃ​សមរម្យ។ យើងសូមថ្លែង​អំណរគុណ​ដល់ Boost Capital និងធនាគារវីងដែល​មាន​ឆន្ទៈ​ក្នុង​​ការ​ធ្វើជា​ដៃ​គូជាមួយ​​យើង​ដើម្បីផលប្រយោជន៍​របស់​សហគ្រិន​ស្ត្រី»។

ការចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់​សេវាកម្មហិរញ្ញវត្ថុឌីជីថល​ទាំង២ (វីង និង Boost) គឺ​ដើម្បីរៀបចំ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាម​គោលដៅ ហើយ​គម្រោង WE Act នឹងពង្រីកឱកាសសម្រាប់​សហគ្រិន​​ស្ត្រីវ័យក្មេងក្នុងការ​ទទួលបានធនធានហិរញ្ញវត្ថុដែលមានតំលៃសមរម្យ។ គំនិតផ្តួចផ្តើម​នេះ​នឹងផ្តល់​ល័ក្ខខ័ណ្ឌ​​អនុគ្រោះ​លើប្រាក់កម្ចីខ្នាតតូច​ដល់សហគ្រិនស្ត្រីវ័យក្មេងជាង៥០០​នាក់ និងផ្តល់​ឱ្យ​ពួកគេនូវចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រង​អាជីវកម្ម​បាន។

លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា៖ «តាមរយៈភាពជាដៃគូនេះ យើងនឹងអាចផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលមិនត្រូវបានយកចិត្តទុកដាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យពួកគេផ្តោតលើការរីកចម្រើននិងកែលំអអាជីវកម្មរបស់ពួកគេ ទោះបីជាបច្ចុប្បន្នមានជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។ ធនាគារវីង ប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។»

Boost និងធនាគារ​វីងនឹងផ្តល់​នូវផលិត​ផល​ប្រាក់កម្ចី​ដែលមានលក្ខណៈ​ប្លែកពីគេសម្រាប់​សហគ្រិន​ស្ត្រីវ័យ​ក្មេងដែល​មានអាជីវកម្ម​មិនបានចុះបញ្ជី និង​មិនមានទ្រព្យបញ្ចាំ ទោះបី​​ក្រុម​ហ៊ុន​ទាំងពីរ​នេះ​នៅតែ​ផ្តល់​​​​នូវ​អត្រាការ​ប្រាក់​ដែល​មានការ​​ប្រកួតប្រជែងខ្ពស់ក៏ដោយ។ Boost នឹងផ្តល់​នូវដំណើរការ​ទទួល​បាន​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ និង​ដំណើរការ​កម្ចី​​តាម​ឌីជីថលដែល​មាន​ភាព​ងាយស្រួល និង​រហ័ស ដែល​ផ្តល់​នូវ​​ប្រសិទ្ធភាព និងកាត់​បន្ថយ​ការ​ចំណាយ​​​​សម្រាប់​​អ្នកស្នើសុំ​កម្ចី។ បច្ចេកវិទ្យា​របស់​ Boost Capital ដែលបំពាក់​ដោយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៊ី (MIA Financial PLC) អនុញ្ញាតឱ្យ​សហគ្រិន​ស្ត្រីដាក់ពាក្យស្នើ​សុំប្រាក់កម្ចីរបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ គ្រប់ពេលវេលា និង​គ្រប់ទីកន្លែង​ពីកម្មវិធី​​ទូរស័ព្ទ​វៃឆ្លាត (Smartphone) ដោយ​ចំណេញ​ទាំងពេលវេលា និងថវិកា និងអនុញ្ញាត​សហគ្រិន​​ស្ត្រី​​ផ្តោតលើការ​ពង្រីក​អាជីវកម្ម​ដោយមិន​ចាំបាច់​​មក​កាន់​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះផ្ទាល់នោះ​ទេ។