fbpx

ធនាគារឯកទេស វីង និងធនាគារ ABA ប្រារព្ធពីធី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​និងដាក់​ប្រាក់

មករា 29, 2020

​​ភ្នំពេញ ថ្ងៃទី 28 ខែមករា ឆ្នាំ 2020៖​ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង​ធនាគារ ABA ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ បានចាប់ដៃគូជាមួយគ្នាជាផ្លូវការដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា។

តាមរយៈ​ភាព​ជាដៃគូ​នេះ អតិថិជនរបស់ធនាគារ​ឯកទេស វីង និងអតិថិជនធនាគារ ABA នឹងអាចផ្ទេរប្រាក់ ពីគណនី វីង ទៅគណនី ABA ទៅវិញទៅមកបាន។ ការផ្ទេរប្រាក់ទៅវិញទៅមកនេះ ​អាចធ្វើទៅបានដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចពីរឬបីដងនៅលើកម្មវិធី ABA Mobile និងកម្មវិធីស្មាតហ្វូន វីង តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនធនាគារ ABA អាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារ ABA ណាមួយក៏បាន។ ដំណើរការនៃការបង់សងប្រាក់កម្ចីនេះ កាន់តែចំណាយពេលវេលាតិច និងមានភាពងាយស្រួល ដោយអតិថិជនអាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលមានជាង 7,300 កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA នៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅផ្នែកទូទាត់វិក្ក័យបត្រ ឬប្រើ USSD កូដ *989#​ ក៏បាន។


លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ថា៖ “យើងតាំងចិត្តធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជានឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាព នៅពេលដែលប្រើសេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការផ្ទេរប្រាក់ និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារ។​​​ លើសពីនេះទៀត នេះជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់របស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនិងសេវាកម្មធានាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបានជម្រុញឌីជីថល​ យេនឌ័រ​ ព្រមទាំង​ការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។”

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA មានប្រសាសន៍ថា “យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារ Wing លើសេវាផ្ទេរប្រាក់ និងទូទាត់សងកម្ចី។ អតិថិជនរបស់យើងឥឡូវនេះអាចដាក់ប្រាក់ចូលគណនី ABA របស់ពួកគេបានកាន់តែងាយស្រួល ព្រមទាំងអាចផ្ទេរប្រាក់ទៅវិញទៅមករវាងកម្មវិធី Wing និងកម្មវិធី ABA Mobile ជាមួយតម្លៃសមរម្យ ហើយអាចប្រើប្រាស់សម្រាប់ការទិញ ទំនិញ ឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិរបស់ពួកគេបានថែមទៀតផង”។ “សេវាហិរញ្ញវត្ថុឌីជីថលដ៏ទំនើបរបស់ធនាគារ ABA មានសក្តានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយ ហើយខ្ញុំជឿជាក់ថា កិច្ចសហការរបស់យើងជាមួយធនាគារ Wing ដែលយើងប្រកាសនាថ្ងៃនេះ នឹងជួយជំរុញកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើប ទូទាត់បែបឌីជីថល។”

ធនាគារឯកទេសវីង និង ធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការពាំនាំផលិតផល ប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងប្រទេស ​ដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគាររនិងមិនស្ថិតក្នុងបណ្តាញធនាគារ។ ស្របពេលនេះដែរ ធនាគារ ABAត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ​ទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាធនាគារដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នែកឌីជីថល​ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា និងធនាគារចល័តប្រកបដោយភាពងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាកម្មដែលផ្តល់ដោយវីង និងABA សូមទាក់ទងមកសេវាអតិថិជនរបស់ វីងតាមរយៈ លេខទូរស័ព្ទ៖ 855 23 999 989 ឬសេវាអតិថិជនរបស់​ ABA ទូរស័ព្ទលេខ 023 225 333 ។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៣០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។
វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.

អំពីធនាគារ ABA

ធនាគារ​ ABA (www.ababank.com)គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​1996​ មានឈ្មោះ​ថា​ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់​។​ ធនាគារ ABA​ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​នៅ​ក្នុង​ប្រទេស​ មាន​បម្រើសេវា​ជូន​ដល់​បណ្ដា​អតិថិជន​ជា​ច្រើន ​ដូច​ជា​ សហគ្រាស​ធុន​តូច​និង​មធ្យម​​ អាជីវកម្ម​ខ្នាត​តូច​ និង​រូបវន្តបុគ្គល​។​​
គិតមកដល់ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន 4.42 ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនជាង 730,000 តាមរយៈសាខាកំពុងបន្តពង្រីកបាន 77, កន្លែងស្វ័យសេវាជាង 550, និងសេវាធនាគារអនឡាញ និងតាមទូរស័ព្ទដៃដ៏ទំនើបឈានមុខ។
ភាគ​ហ៊ុ​និកធំ​​របស់​ធនាគារ​ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ​ ដែលជាធនាគារ​ធំ​ជាងគេ​លំដាប់​ទី​6​ ក្នុង​ប្រទេស​កា​ណា​ដា​ និង​នាំមុខ​គេ​នៅ​កេ​ប៊ិច​ ជា​ទីដែលខ្លួនក្លាយជាជម្រើស​នៃ​បណ្ដា​សហគ្រាស​ធុន​តុ​ច​ និង​មធ្យម​នានា​។​
ជំហាននាំមុខគេរបស់ធនាគារនៅក្នុងវិស័យធនាគារឌីជីថល និងតាមទូរស័ព្ទដៃ ជាមួយកំណើនដ៏រឹងមាំទូទាំងប្រតិបត្តិការធុរកិច្ចទាំងមូលរបស់ខ្លួន ធ្វើឲ្យចំណាត់ថ្នាក់ឥណទានរបស់ ABA ត្រូវបានដំឡើងដោយភ្នាក់ងារវាយតម្លៃ S&P Global Ratings ពី ‘B’ ដល់ ‘B+’ ជាមួយទស្សវិស័យ “ស្ថិរភាព” នៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ចំណាត់ថ្នាក់ឥណទាននេះត្រូវបានផ្តល់ឲ្យធនាគារ ABA ដំបូងក្នុងឆ្នាំ 2017។