fbpx

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុស កូវីដ-១៩ កំពុងរាតត្បាត

មីនា 30, 2020

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។

អ្នកស្រី អេង ប៊ុនថា ដែល​ជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ អ្នកស្រីបានបរិច្ចាគអង្គរចំនួន៣០០​kg អាលកុលលាងដៃ និងប្រេងកូឡាចែកជូនដល់បងប្អូនដែលកំពុងតែខ្វះខាត។

អ្នកស្រីបានឲ្យដឹងថាថា៖ «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួនមិនអាចទិញម៉ាស់ អាល់កុលដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ។ ក្នុងអំឡុងពេលដ៏ពិបាកនេះពួកគាត់មិនអាចរកប្រាក់កម្រៃបានសមរម្យដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ឡើយ។​ ហេតុដូចច្នេះហើយគ្រួសាររបស់ខ្ញុំបានឧបត្ថម្ភអង្ករ៣០០​ គីឡូក្រាមដើម្បីចែកជូនដល់ពួគាត់»។​

ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រីក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុលលាងដៃដើម្បីចែកជូនដល់បងប្អូនដែលកំពុងខ្វះខាតផងដែរ។​ គិតត្រឹមថ្ងៃទី២៨​ ខែមីនានេះ មានបងប្អូនជាង១០០នាក់ហើយដែលបានទទួលអំណោយដ៏សប្បុរសធម៌ពីក្រុមគ្រួសារនិងអ្នកជិតខាងរបស់អ្នកស្រី។​

លោកស្រី​ គង់ មុនីភក្តី ដែលជាម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារឈូកមាស រាជធានីភ្នំពេញ បានរៀបចំចែកជូនជែលលាងដៃដល់អ្នកធ្វើដំណើរ និងអតិថិជនគាត់ជាប្រចាំ។ លោកស្រីបានឲ្យដឹងថា៖ « ខ្ញុំចែកជែលពួកគាត់នៅតាមហាងវីងរបស់ខ្ញុំទាំង៤សាខាតែម្តង មួយថ្ងៃនៅតាមហាងនីមួយ​ខ្ញុំចែកជូនអស់ប្រហែល១០០ដប។ ក្រៅពីនេះខ្ញុំបរិច្ចាគថវិការទៅសមាគមន៍ផ្សេងៗដើម្បីជួយអ្នកទីទាល់ក្រផងដែរ»។​

ដោយឡែកនៅសង្កាត់ទួលស្វាយព្រៃ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វិញ ភ្នាក់ងារវីង ដែលបានមានស្លាកយយីហោ ងួន សីថា បាន ចែករំលែកទឹកអាល់កុលលាងដៃ និង ម៉ាស់ជាច្រើនដោយឥតគិតថ្លៃដល់អតិថិជន និងអ្នកធ្វើដំណើរផងដែរ។​

មិនថាឡើយភ្នាក់ងារវីងនៅរាជធានាភ្នំពេញ សូម្បីតែបងប្អូនភ្នាក់ងារវីងនៅបណ្តាខេត្តនានាក៏ចូលរួមទុបស្កាត់ វីដ១៩ផងដែរ។ តួយ៉ាងក្រុមគ្រួសាររបស់លោក លោក ឃិន លីហាក់ ម្ចាស់ភ្នាក់ងារវីង និងក្រុមគ្រួសាររបស់លោកក៏បានរួមចំណែកទឹកប្រាក់ចំនួន បួនលានរៀល សម្រាប់ជួយបងប្អូន ដែលកំពុងតែខ្វះខាត ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ តាមរយៈលោកមេភូមិ ដោយមួយគ្រួសារៗអាចស្នើរថវិការនេះបាន​១០ម៉ឺនរៀល។​

លោកបានមានប្រសាសន៏ថា៖ «នៅពេលដែលសង្គមរបស់យើងកំពុងទទួលរងការវាយប្រហារពីមេរោគកូវីដ១៩នេះ យើងមិនអាចឈរអោបដៃមើលបានឡើយ។ នៅពេលដែលយើងមានស៊ីគ្រប់គ្រាន់ហើយ យើងត្រូវតែចេះចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ»។​

ក្រៅពីនេះ ក៏នៅមានភ្នាក់ងារវីងនៅតាមកន្លែងផ្សេងដ៏ទៃទៀតនៅក្នុប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិការផ្ទាល់ខ្លួនដើម្បីរួមចំនែកឧបត្ថម្ភដល់ប្រជាជនកម្ពុជាដែលខ្វះខាតបផងដែរ។​
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះបានអោយដឹងថា កម្ពុជាបានរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ទៅ ១០២ករណី៕