fbpx

ធនាគារឯកទេសវីង និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ចូលរួមគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា

ឧសភា 27, 2020

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កាលពីថ្ងៃទី ២៧ ខែ ឧសភា កន្លងទៅ

បានចាប់ដៃគូដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា។ ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នឹងអាចធ្វើការទូទាត់ការសងប្រាក់កម្ចីតាម រយៈភ្នាក់ងារវីងជាង៧៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ពួកគេអាចជ្រើសរើសការផ្ទេរប្រាក់ភ្លាមៗពីគណនីវីងរបស់ពួកគេ ឬប្រើលេខកូដ USSD Code *989# តាមរយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលា។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា៖«​ភាពជាដៃគូនៅថ្ងៃនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា ដើម្បីផ្តល់នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយ​​ភាព​ងាយស្រួល។ បច្ចុប្បន្ននេះ ទោះបីជាលោកអ្នកនៅតាមបណ្តាខេត្តដាច់ស្រយាលក្តី លោក​អ្នកក៏នៅតែអាចទទួលបានការគាំទ្រពីយើងតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីងផងដែរ»។

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ក្នុងគោលបំណង​បំពេញកង្វះខាតរវាងតម្រូវការនិងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតាមតំបន់ជនបទ និងដើម្បីរួមចំណែកកាត់​បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រតិបត្តិការរបស់ធនាគារនេះគឺស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖«យើងជឿជាក់ថាភាពជាដៃគូរបស់យើងនៅថ្ងៃនេះ នឹងអនុញ្ញាតឱ្យយើងបម្រើសេវាផ្ទេរប្រាក់ចម្រុះនិង ការសងប្រាក់កម្ចី របស់សហគ្រាសធុនតូចនិងមធ្យមនិងកសិពាណិជ្ជកម្មនៅកម្ពុជា ប្រកប​ដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស។ វានឹងជួយឱ្យពួកគេផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅ​លើការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

ប្រទេសកម្ពុជាជាប្រទេសដែលមានសហគ្រាសធុនតូចនិងមធ្យមប្រមាណជាង ៥០០ ០០០ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ បង្កើតប្រាក់ចំណូលសម្រាប់​ប្រជាជន ដែលមានប្រាក់ចំណូលទាប ជំរុញស្ថិរភាពសង្គម និងការរីកចម្រើននៃវិស័យ​ឯកជនឲ្យកាន់តែមានភាពរឹងមាំ។

ទាំងធនាគារឯកទេសវីង និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចែករំលែកនូវចក្ខុវិស័យ ស្តីពីការផ្តល់ភាពងាយស្រួល ក្នុងការទទួលបានសេវាហិរញ្ញវត្ថុដល់សហគមន៍ ដែលធ្វើឲ្យជីវភាពរបស់នៅរបស់ប្រជានកម្ពុជាកាន់តែប្រសើរ។

វីង​បាន​បង្កើតម៉ាកយីហោរបស់ខ្លួន ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មផ្ទេរប្រាក់ប្រកបដោយ​សុវត្ថិភាព មានការធានា និងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប និងបណ្តាញភ្នាក់ងារវីងប្រកប​ដោយជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ​រួមចំណែក​កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមជនបទ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រាស សហគ្រាសធុនតូចនិងមធ្យមនិងអង្គការកសិកម្ម ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕