fbpx

ធនាគារឯកទេសវីង និង ក្រុមហ៊ុន Cambrew បានចុះហត្ថលេខាលើកិច្ចសហការសេវាកម្មទូទាត់រង្វាន់ជាសាច់ប្រាក់ សម្រាប់អ្នកឈ្នះពីកម្មវិធី Pepsi Reward App

សីហា 26, 2019

ធនាគារឯកទេសវីង និង​​​ ក្រុមហ៊ុន ​​​Cambrew បានចុះហត្ថលេខាលើកិច្ចសហការសេវាកម្មទូទាត់រង្វាន់ជាសាច់ប្រាក់ សម្រាប់អ្នកឈ្នះពីកម្មវិធី​ Pepsi Rewards App។​​

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ Pepsi Rewards App​ នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ នាពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សំណាក់ភ្ញៀវកិត្តិយស  និងបុគ្គ​លិករបស់ក្រុមហ៊ុន Cambrew និងធនាគារឯកទេស វីង រួមទាំងមានការចូលរួមអតិថិជនជាច្រើននាក់ទៀត។

តាមកិច្ចសហការនេះ អតិថិជនរបស់ Pepsi នៅកម្ពុជា នឹងអាចទូទាត់រង្វាន់ជាសាច់ប្រាក់ពី​ Pepsi App ដោយភ្ជាប់ទៅកាន់​គណនីវីងរបស់ពួកគេ​ ឬអាចទៅទូទាត់ជាមួយភ្នាក់ងារវីងជាង ៧០០០កន្លែងទូទាំងប្រទេសដែលមានភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាព។

លោក ម៉ានូ​​ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង​ បានមានប្រសាសន៏ថា៖ ពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការ Pepsi Rewards​​ ​App នាឱកាសនេះ​​​។​​ តាមរយៈ​ភាពជាដៃគូជាមួយ Pepsi វីងធានាជូននូវភាពកាន់តែងាយស្រួលក្នុងការចូលរួមកម្មវិធីប្តូរយករង្វាន់នេះ។​ ជាមួយវីង​ អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល​នៅលើទូរស័ព្ទដៃរបស់ពួកគេ ឬជាមួយភ្នាកងារវីងទាំងអស់។

លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew មានប្រសាសន៍ថា៖ យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឳកាសការដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធី Pepsi Rewards App នាពេលនេះ។​ App នេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅចំពោះអតិថិជន ដែលតែងតែផ្តល់ការគាំទ្រ ចំពោះភេសជ្ជៈ Pepsi ដោយការផ្តល់ជូននូវភាពសប្បាយរីករាយដល់អតិថិជនរបស់យើងតាមរយៈការផ្តល់ជារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។​ យើងខ្ញុំសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈគ្រប់គ្រង បុគ្គលិកទាំងអស់នៃក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវទាំងអស់ និងធនាគារឯកទេស វីង ជាដៃគូសហការមិនអាចខ្វះបានសម្រាប់កម្មវិធីមួយនេះអាចដំណើរទៅបាននាថ្ងៃនេះ។ ភាពជឿជាក់ និងការផ្តល់ នូវកិច្ចសហប្រតិបត្តិការ របស់​អតិថិជន ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈអង្គរ ដ៏យូរអង្វែងមួយនេះ បានធ្វើ​ឱ្យយើងទទួលបាន នូវ​ភាព​ជោគជ័យកាន់ ​តែត្រចះត្រចង់​ជាងមុន។ យើងខ្ញុំ​សូម​សម្តែង​​នូវ​ការគោរព​ដឹង​គុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​កិច្ចខិតខំប្រឹងប្រែងគាំទ្រទាំង និងការ​គាំទ្រ ដ៏ល្អប្រសើរនាពេល​នេះ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧០០០កន្លែងនៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ២៥០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។

របៀបចូលរួម​កម្មវិធី Pepsi Reward 

ដើម្បីចូលរួមកម្មវិធីនេះបាន អតិថិជនទាំងអស់គ្រាន់តែទាយយក Pepsi Rewards App ពី Google Play ឬ App Store ក្នុងទូរស័ព្ទដៃរបស់ខ្លួន និងបំពេញតាមលក្ខខណ្ឌណែនាំទូទៅជាការស្រេច។​​ សូមស្វែងរកលេខកូដ១០ខ្ទង់ នៅខាងក្រោមក្រវិលកំប៉ុងរបស់ក្រុមហ៊ុនភេសជ្ជៈ អង្គរ រួមមាន៖ Pepsi, Pepsi Twist, Mirinda Orange , Mirinda Strawberry, Mirinda Green Cream និង 7UP  រួចវាយបញ្ចូលលេខកូដទៅក្នុងPepsi Rewards App ដើម្បីទទួលបានពិន្ទុ និងប្តូរយករង្វាន់ច្រើនសន្ធឹកសន្ធាប់។​ អ្នកឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ ក្រុមហ៊ុននឹងធ្វើការផ្ញើពិន្ទុពីគណនី Pepsi Rewards App​ ទៅកាន់គណនី វីង របស់អ្នកឈ្នះ ដើម្បីប្តូរយករង្វាន់សាច់ប្រាក់​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.facebook.com/pepsicambodia/ ឬទាក់ទងតាម Hotline: 086 971 000 ៕