fbpx

ធនាគារ វីង និងសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ សហការគ្នាជួយដល់ការស្តារឡើងវិញនូវប្រតិបត្តិការអាជីវកម្មនានា

វិច្ឆិកា 16, 2021

ដោយមានការគាំទ្រពីសាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ឥឡូវនេះម្ចាស់អាជីវកម្មនានាដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ អាចស្នើសុំប្រាក់កម្ចីពីធនាគារ វីង ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេបានហើយ។

ធនាគារ វីង (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានដាក់ឲ្យដំណើរការជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសហការគ្នាលើការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករអាជីវកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការលំបាកក្នុងការទទួលបានប្រាក់កម្ចីដោយសារកង្វះខាតទ្រព្យបញ្ចាំគ្រប់គ្រាន់។

ភាពជាដៃគូនេះនឹងបញ្ចូលធនាគារវីង ក្នុងគម្រោង​ធានា​ឥណទាន​ នៃសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ខណៈមានជំងឺរាតត្បាតកូវីដ ១៩ រួមមាន៖ ​អាជីវកម្ម​ខ្នាត​មីក្រូ​ ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​និង​សហគ្រាស​ខ្នាត​ធំ​ ក្នុងការសម្រួលដល់ការទទួល​បាន​ហិរញ្ញប្បទាន​ពី​ ​សម្រាប់​ការ​កៀរគរ​ទុន​បង្វិល វិនិយោគ​ ​និង​ការពង្រីក​អាជីវកម្មជាដើម។​

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឥឡូវនេះយើងអាចបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើងដល់ម្ចាស់អាជីវកម្មកាន់តែច្រើនជាងមុនតាមរយៈការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា។ យើងបានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងយ៉ាងសម្បូរបែបដើម្បីជួយម្ចាស់អាជីវកម្មនានានៅកម្ពុជា។ ភាពជាដៃគូនៅថ្ងៃនេះ នឹងក្លាយជាកត្តាជំរុញមួយទៀតជួយឲ្យយើងខិតកាន់តែជិតដល់មា្ចស់អាជីវកម្មទាំងនោះ។”

សាជីវកម្មធានាឥណទានកម្ពុជា នឹងគាំទ្រធនាគារវីងក្នុងការធានាប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មដែលត្រូវបានចាត់ទុកថាមានលទ្ធភាពសង ប៉ុន្តែខ្វះខាតនូវទ្រព្យបញ្ចាំ ដោយផ្តល់នូវការធានាឥណទាន ដែលជាការពារបន្ថែមមួយទៀត ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

បន្ទាប់ពីសម្ពោធជាផ្លូវការជាធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១ ធនាគារ វីង បានបង្កើតឲ្យមានផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន​រូបវន្តបុគ្គល និងម្ចាស់អាជីវកម្មនានា។ អតិថិជនអាចទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុទាំងនោះបានតាមរយៈការិយាល័យកណ្តាលនៃធនាគារវីង កម្មវិធីស្មាតហ្វូនវីង និង​ភ្នាក់ងារវីងដែលមានជាង១ម៉ឺនកន្លែងនៅទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារវីង នឹងក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ២០ របស់ស.ធ.ក. ក្នុងការផ្តល់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំសម្រាប់ជាទុនបង្វិល និងការពង្រីកអាជីវកម្មរបស់ពួកគេ។

លោក Wong Keet Loong អគ្គនាយក ស.ធ.ក. បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងជាមួយធនាគារវីង គឺជាយុទ្ធសាស្រ្តមួយសម្រាប់ ស.ធ.ក ក្នុងការប្រើប្រាស់បណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយនៃផលិតផលហិរញ្ញវត្ថុ​ប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារវីង តាមរយៈបណ្តាញឌីជីថលដែលធនាគារមានរួចជាស្រេច។ វាក៏នឹងជំរុញឱ្យ ស.ធ.ក. បញ្រ្ជាបខ្លួន ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល តាមរយៈការផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្ម នៅក្នុងប្រព័ន្ធអេកូឌីជីថលរបស់ធនាគារវីង។”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណង​បង្កើន​​បរិយាបន្នហិរញ្ញវត្ថុ​ ​និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម តាមរយៈ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឲ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ដោយផ្អែកលើស្តង់ដារអន្តរជាតិ។​

ម្ចាស់អាជីវកម្មដែលមានសញ្ជាតិកម្ពុជា ហើយកាន់កាប់ភាគហ៊ុនលើសពី៥០% ឥឡូវនេះអាចទាក់ទងធនាគារ វីង សម្រាប់គម្រោងធានារបស់សាជីវកម្មធានាឥណទានកម្ពុជា ឬទាក់ទងដោយផ្ទាល់តាមរយៈគេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម៕