fbpx

ធនាគារ វីង ចាប់ដៃគូជាមួយក្រុមហ៊ុន គង់ នួន គ្រុប ដើម្បីជួយឲ្យអតិថិជនស្នើសុំកម្ចីទិញម៉ូតូយ៉ាម៉ាហា បានយ៉ាងងាយស្រួល

មេសា 26, 2022

ធនាគារ វីង ចាប់ដៃគូជាមួយក្រុមហ៊ុន គង់ នួន គ្រុប ដើម្បីជួយឲ្យអតិថិជនស្នើសុំកម្ចីទិញម៉ូតូយ៉ាម៉ាហា បានយ៉ាងងាយស្រួល

ធនាគារ វីង បានចាប់ដៃគូជាមួយក្រុមហ៊ុន គង់ នួន គ្រុប ដើម្បីជួយឲ្យអតិថិជនដែលមានបំណងធ្វើជាម្ចាស់ម៉ូតូយ៉ាម៉ាហា ស្នើសុំប្រាក់កម្ចីពីធនាគារជាមួយនឹងលក្ខខណ្ឌងាយស្រួល ព្រមទាំងអត្រាការប្រាក់ដ៏ទាក់ទាញ  

ធនាគារ វីង (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ​ ក្រុមហ៊ុន គង់ នួន គ្រុប ដែលជាអ្នកចែកចាយម៉ូតូយ៉ាម៉ាហានៅកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការស្នើសុំកម្ចីទិញម៉ូតូយ៉ាម៉ាហាពីធនាគារ វីង។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាលើដោយ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង និង លោក គង់ សេរីវុធ នាយកក្រុមហ៊ុន គង់ នួន គ្រុប ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

យ៉ាម៉ាហា ជាម៉ាកម៉ូតូលំដាប់កំពូលមួយក្នុងប្រទេសកម្ពុជា និងត្រូវបានលក់ចេញរាប់ពាន់គ្រឿង និងទើបតែចេញម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Yamaha X-Ride ២០២២ កម្លាំង១២៥ cc ជាមួយនឹងតម្លៃត្រឹមតែ ១.៩០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ក្រុមហ៊ុន គង់ នួន គ្រុប ខូអិលធីឌី សូមថ្លែងអំណរគុណចំពោះអតិថិជនដ៏ស្មោះត្រង់ទាំងអស់ដែលបានជួយគាំទ្រម៉ូដែលម៉ូតូយ៉ាម៉ាហានាពេលកន្លងមក។

ដោយសារភាពជាដៃគូនេះ អតិថិជនដែលមានបំណងចង់ទិញម៉ូតូ យ៉ាម៉ាហា ប៉ុន្តែមិនមានថវិកាគ្រប់គ្រាន់ក៏អាច ធ្វើជាម្ចាស់ម៉ូតូដើម្បីបំពេញតាមតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះ។ ប្រជាពលរដ្ឋ​ដែល​ចង់​ស្នើ​សុំ​កម្ចី​ទិញ​ម៉ូតូ​ អាច​ទាក់ទង​តំណាង​ផ្នែកលក់​នៅ​តាមកន្លែងតាំងម៉ូតូ​ (Showroom) យ៉ាម៉ាហា។ ជាងនេះទៅទៀត ឪពុកម្តាយដែលមានបំណងទិញម៉ូតូសម្រាប់កូនៗរៀននៅសកលវិទ្យាល័យ អាចស្នើសុំកម្ចីពីធនាគារ វីង តាមរយៈក្រុមការងារផ្នែកលក់នៅតាមសាខាម៉ូតូយ៉ាម៉ាហានីមួយៗ។

មានហេតុផលជាច្រើនដែល អតិថិជន គួរជ្រើសរើសធនាគារ វីង សម្រាប់កម្ចីទិញម៉ូតូ។ អតិថិជនអាចស្នើសុំប្រាក់កម្ចីរហូតដល់ ៥.០០០ ដុល្លារអាមេរិក ហើយមិនចាំបាច់មានទ្រព្យធានា ឬអ្នកធានានោះឡើយ។ ធនាគារ វីង ក៏ផ្តល់អត្រាការប្រាក់ដ៏ទាក់ទាញចាប់ពី ១,៥% ក្នុងមួយខែ ជាមួយការអនុម័តឆាប់រហ័ស និងរយៈពេលកម្ចីរហូតទៅដល់ ៣ ឆ្នាំ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា ៖ “​ធនាគារ វីង មានបេសកកម្មក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាគ្រប់រូប តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន។ ភាពជាដៃគូនេះ​នឹងធ្វើឲ្យ ធនាគារ វីង ជួយសម្រចក្តីស្រមៃរបស់អ្នកដែលមានបំណងចង់ក្លាយជាម្ចាស់ម៉ូតូ។ ជារៀងរាល់ថ្ងៃ ពួកយើងខិតខំធ្វើការងារដើម្បីធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុរបស់ជនកម្ពុជាគ្រប់រូប។ ដោយសារភាពជាដៃគូដែលបានចុះហត្ថលេខានៅថ្ងៃនេះ ខ្ញុំជឿជាក់ថាយើងបានបោះជំហានមួយទៀតក្នុងទិសដៅដែលត្រឹមត្រូវ។ យើងនឹងមិនឈប់នៅទីនោះទេ ប៉ុន្តែយើងនឹងបន្តដាក់ចេញនូវដំណោះស្រាយបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់យើង។

ធនាគារ វីង បានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ។ ធនាគារ វីង បម្រើប្រជាជនកម្ពុជាទាំងមូលដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី​វីង​ប៊ែងអេប ដែលមានភាពច្នៃប្រឌិតថ្មីៗ ក៏ដូចជាផលិតផល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។

លោក គង់ សេរីវុធ នាយកក្រុមហ៊ុន គង់ នួន គ្រុប មានប្រសាសន៍ថា ៖ “ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើជាដៃគូសហការជាមួយធនាគារ វីង។ កិច្ចព្រមព្រៀងដែលយើងចុះហត្ថលេខានៅថ្ងៃនេះនឹងធានាថា អតិថិជនរបស់យើងទាំងអស់នឹងអាចក្លាយជាម្ចាស់ម៉ូតូបានយ៉ាងឆាប់រហ័សនៅពេលពួកគេជ្រើសរើសធនាគារ វីង ហើយការខ្ចីប្រាក់ពីធនាគារ វីង នឹងផ្តល់ជម្រើសកាន់តែច្រើន និងភាពបត់បែនដល់អតិថិជនរបស់យើង។ ខ្ញុំមានមោទនភាពដែលបានចូលរួមជាមួយ ធនាគារ វីង ដើម្បីរួមចំណែកជួយសម្រួលដល់ប្រជាជនកម្ពុជាទាំងអស់។

គង់ នួន គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាក្រុមហ៊ុនចែកចាយ គ្រឿងបន្លាស់រថយន្ត ម៉ូតូយ៉ាម៉ាហា និងគ្រឿងបរិក្ខារម៉ាស៊ីនផ្សេងៗទៀត ដោយផ្តល់នូវគុណភាព តម្លៃ និងទំនុកចិត្តសម្រាប់អតិថិជន និងដៃគូសហការរបស់ក្រុមហ៊ុន។ ក្រុមការងាររបស់យើង ជឿជាក់លើការផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់បំផុត ជាមួយនឹងសេវាកម្មប្រកបដោយភាពជឿទុកចិត្តដែលលើសពីការរំពឹងទុករបស់អតិថិជនរបស់យើង។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីទិញម៉ូតូរបស់ធនាគារវីង សូមចូលទៅកាន់ ៖ https://bit.ly/36GwLic

សម្រាប់ព័ត៌មានបន្ថែមអំពីម៉ូតូយ៉ាម៉ាហា សូមចូលទៅកាន់ ៖ https://bit.ly/3xMTlB0