fbpx

ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ារួមគ្នាដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុនៅកម្ពុជា

មិថុនា 24, 2020

ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ខែមិថុនា ទី ២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ​និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបាន​ហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង​អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែ​ប្រសើរឡើង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ​បាន​មាន​ប្រសាសន៍​ថា​៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»។

លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»។

វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បានមានប្រសាសន៍ថា៖ «កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើង​នឹង​នាំ​យក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់​តែ​ជិត​ជាង​មុន​ទៅ​ដល់​អតិថិជន​របស់​យើងបច្ចុប្បន្ន មិន​ថា​នៅ​តំបន់​ដាច់​ស្រយាល​ក៏​ដោយ»។

ធនាគារ​កាណាឌីយ៉ា​បានឈរ​ជើង​នៅ​លើ​ទីផ្សាយ​ដោយ​ជោគជ័យ​ជិត​៣០​ឆ្នាំ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ទៅ​ដល់​អតិថិជន​ទាំង​បុគ្គល និង​សាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​ដល់​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិតខាង។

ទាំងវីងនិងធនាគារកាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union​ ជាដើម។

ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយ៉ាល។

អំពីធនាគារកាណាឌីយ៉ា ក.អ

ធនាគារ កាណាឌីយ៉ា ក.អ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ១៩៩១ ដែល​មាន​ឈ្មោះ​ថា “ Canadia Gold & Trust Corporation Ltd.” ដែល​ជា​បណ្ដាក់​ទុន​រួម​គ្នា​រវាងជនជាតិ​កម្ពុជា-កាណាឌីយ៉ា និង​ធនាគារ​ជាតិ​នៃ​កម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគាររួមមានអតីតបុគ្គលិក​ជំនាញៗ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និងភាគទុនិកជាជនជាតិ​កម្ពុជា និងកាណាដា។

សកម្មភាព​សំខាន់ៗរបស់ធនាគារ​គឺ​ផ្អែក​ទៅ​លើ​ប្រតិបត្តិការ​មាស ដូចជា​ការ​ផលិតមាស និង​ផ្ដល់​កម្ចីទៅ​ដល់​ពាណិជ្ជករ​ទាំងឡាយ។ នៅថ្ងៃទី១៩ មេសា ១៩៩៣ ធនាគារត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា ធនាគារកាណាឌីយ៉ា (Canadia Bank Ltd.,) ដោយ ទទួល​បាន​អាជ្ញាប័ណ្ណ​ជាធនាគារ​ពាណិជ្ជពីធនាគារ​ជាតិ​នៃ​កម្ពុជា និង​បាន​ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ធ្នូ ២០០៣ ធនាគារក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី​មក​ជា “ធនាគារកាណាឌីយ៉ា ក.អ” (Canadia Bank PLC.)

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក ធនាគារ​កាណាឌីយ៉ា​បាន​ក្លាយ​ជា​ធនាគារ​ក្នុង​ស្រុក​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​បណ្ដាញ​ទំនាក់ទំនងជាមួយធនាគារទូទាំងពិភពលោក និង​មាន​មូលដ្ឋាន​អតិថិជនទាំង​ក្នុង​និង​ក្រៅ​ប្រទេស ធនាគារ​កាណាឌីយ៉ា ក.អ បាន​កាន់​កាប់​ចំណែក​ទីផ្សារ​ដ៏​ធំ​ក្នុង​ការ​ផ្ដល់​ជូន​ឥណទាន ក៏​ដូច​ជា​ប្រាក់​បញ្ញើ​ផង​ដែរ។ ធនាគារ​ផ្ដល់​ជូន​នូ​វ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ដូច​ជា គណនីប្រាក់​បញ្ញើ (ប្រាក់​ដុល្លារ, ប្រាក់​រៀល និង​ប្រាក់​យាន់) ឥណទាន​បុគ្គល (ឥណទានផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន) និង​ឥណទានសម្រាប់អាជីវកម្មខ្នាតតូច​និងមធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា សេវាកម្មផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្ដូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃនៅទូទាំងស្នាក់ការកណ្ដាល និង៦០សាខានៅរាជធានីភ្នំពេញ និងបណ្ដាក្រុង ខេត្តសំខាន់ៗទូទាំងប្រទេស និង១សាខាទៀតនៅប្រទសឡាវ។

បច្ចុប្បន្ន អតិថិជនរបស់ធនាគារកាណាឌីយ៉ាអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ១៥៤​កន្លែង និងម៉ាស៊ីនដាក់ប្រាក់ ១៥កន្លែង ដែល​បម្រើ​ការ​២៤ម៉ោងក្នុងមួយសប្ដាហ៍បានកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់។​

សម្រាប់ព័ត៌មានបន្ថែម៖ 023 969 222/ 023 868 222

ចូលទៅកាន់វិបសាយធនាគារយើងខ្ញុំ៖ www.canadiabank.com.kh

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។​

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.

សម្រាប់ព័ត៌មានបន្ថែម៖
លោក ចនសុរដ្ឋា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖855 12 726 117
អ៊ីមែល៖soratha.chan@wingmoney.com