fbpx

វីង​ បង្កើត​បទពិសោធ​មិន​ប្រើ​ក្រដាសប្រាក់​សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​កម្ពុជា

មករា 6, 2020

១១ ធ្នូ ២០១៩ ភ្នំពេញ៖ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត កំពុង​ត្រួសត្រាយ​ផ្លូវ​ ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ដោយ​ផ្តល់ជូន​ពួកគេ​នូវ​សេរីភាព​ក្នុង​ការរក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ និង​ការធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​មាន​ក្រដាសប្រាក់ ក៏ដូចជា​ដើម្បី​ធានា​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ​។

លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) លីមីតធីត មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម ហើយ​ជាមួយ​នឹង​ការផ្តល់ជូន​នេះ​យើង​ធានា​នូវ​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។ យើង​បាន​ដាក់ចេញ​នូវ​ការផ្តល់ជូន​នេះ​បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ​របស់​ភ្ញៀវទេសចរ​ដែល​មកដល់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ក្តី​រីករាយ​ក្នុង​ការផ្តល់​ជូន​ពួកគេ​នូវ​ការភ្ជាប់​ទំនាក់ទំនង សុវត្ថិភាព និង​ភាពងាយស្រួល​ជា​កញ្ចប់​តែម្តង​»​។

កញ្ចប់​សេវាកម្ម Wing4U Tourist Pack ​មាន​ស៊ីមកាត​មួយ​ដែល​មាន​អ៊ីនធឺណិត និង​កញ្ចប់​សម្រាប់​ខល​ទូរស័ព្ទ​ដោយ​ផ្អែកលើ​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​រួម​ជាមួយ​ការចូល​ទៅកាន់​គណនី​វីង និង​ម៉ាស្ទ័រកាត​ផងដែរ ដែល​អាច​ប្រើ​សម្រាប់​ការទិញ​ទំនិញ ការ​កក់ និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ជាមួយ​នឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន​។
ជាមួយ​នឹង​ម៉ាស្ទ័រកាត​អនឡាញ​របស់​វីង ទេសចរ​អាច​ស្គែន​ QR កូដ និង​ទូទាត់​ប្រាក់​បាន​ជាង​ ៤ ​ម៉ឺន​ហាង ហើយ​ម៉ាស្ទ័រកាត​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ទិញ​ទំនិញ​បាន​ជាង ៨០០០ ហាង​នៅ​ទូទាំង​ប្រទេស​។ ភ្ញៀវទេសចរ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការផ្តល់​ជូន​ដោយ​សុវត្ថិភាព​តាមរយៈ​ការទូទាត់​ប្រាក់​របស់​វីង​តាមរយៈ​របៀប​បង់ប្រាក់​របស់​វីង ហើយ​មាន​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​ដោយ​មាន​តម្លៃ​ទាប​បំផុត​នៅ​តាម​ភ្នាក់ងារ​វីង​ជាង​ ៧០០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​។

ក្នុងនោះ​មាន​ការផ្តល់​ជូន​ចំនួន ២ ​ប្រភេទ​គឺ​សេវាកម្ម «Wing4U Tourist Basic» ដែលមាន​អ៊ីនធឺណិត ១,៥ ​ជីហ្គាបាយ និង​ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ​ថ្ងៃ ចំណែក​ “Wing4U Tourist Extra” មាន​អ៊ីនធឺណិត ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ​ថ្ងៃ ដែល​ស៊ីមកាត​ទាំងនេះ​មាន​សុពលភាព​រយៈពេល​ ៣០ ​ថ្ងៃ​។ ភ្ញៀវទេសចរ​ក៏​អាច​ទិញ​កញ្ចប់​បន្ថែម​ឲ្យ​សមស្រប​ទៅ​តាម​ការស្នាក់​នៅ​របស់​ពួកគេ​ផងដែរ​។

លោក​បន្ថែមថា​៖ «​យើង​ជឿជាក់​ថា បទពិសោធន​មិន​ប្រើ​ក្រដាស​ប្រាក់​​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​គោលដៅ​ដ៏ទាក់ទាញ​មួយ​សម្រាប់​អ្នក​ដែល​ស្វែងរក​ដំណោះស្រាយ​ទូទាត់​ប្រាក់​ងាយស្រួល​ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដ៏ស្រស់ស្អាត​នេះ​កាន់តែ​ច្រើន​»​។
បច្ចុប្បន្ន​ការផ្តល់ជូន​នេះ​មាន​នៅ​បញ្ជរ​វីង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ច្រកទ្វារ​ពេល​អ្នកដំណើរ​មក​ដល់​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ហើយ​នៅពេល​អនាគត​នឹង​មាន​នៅតាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​រួម​ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែល​ជា​ច្រកចូល​ប្រទេស​កម្ពុជា​ដ៏សំខាន់​មួយ​ទៀត​ក្រៅពី​រាជធានី​ភ្នំពេញ​៕