fbpx

វីងចូលរួមសហការក្នុងកិច្ចការរៃអង្គាសថវិកាជូនមូលនិធិគន្ធបុប្ផា

កញ្ញា 1, 2018

នៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២ ០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពី “ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា” រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ។

ការចុះអនុស្សរណៈនៃការយោគយល់រវាងមូលនិធិ​គន្ធបុប្ផាកម្ពុជា និងធនាគារ​ឯកទេសវីងថ្ងៃនេះ គឺជាកិច្ច​សហ- ប្រតិបត្ដិការ ដើម្បីផ្ដល់ជូនសប្បុរសជន​ ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់​ជូនមូលនិធិគន្ធបុប្ផា​​កម្ពុជា នូវ ជម្រើស​បន្ថែម ​ដែលមានលក្ខណៈ​កាន់តែងាយស្រួល ​តាមរយៈ​សេវា​កម្ម​របស់​ធនាគារ​ឯកទេសវីង នៅតាម​​គ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា ។ បន្ថែមលើនេះ, ​ធនាគារឯកទេសវីង ក៏នឹង​បន្ដសហការ​ជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ ក្នុងសកម្មភាព​ផ្សព្វផ្សាយ​ផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគ​មូលនិធិបន្ថែមទៀតផងដែរ ។

កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មី​មួយទៀត ក្នុងការគិតគូរអំពីសុខទុក្ខ​របស់កុមារ​កម្ពុជា ដែល​ជាទំពាំង​ស្នង​ឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការ​មូលនិធិ​គន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ​ គឺ​ជា​ស្ថាប​និក និងជាប្រធានកិត្ដិយសរបស់មូលនិធិ​ផ្ទាល់ ។

មូលនិធិគន្ធបុប្ផា​កម្ពុជា ត្រូវបានបង្កើត​ឡើងក្រោម​ទម្រង់​ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក “ភាពញញឹម​​របស់កុមារ គឺជាអនាគត​ដ៏ភ្លឺស្វាង​របស់កម្ពុជា” ក្នុងគោលបំណង​ដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគ​ទានសប្បុរសធម៌​ពី​គ្រប់ប្រភព​ស្របច្បាប់​នានា សម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​ធា​នាថាកុមារកម្ពុជានឹងបន្ដទទួល​បានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយ​គុណភាព និង​ដោយមិនគិតថ្លៃ​ ។ គិតត្រឹមថ្ងៃទី ២៧ ខែ ​សីហា ឆ្នាំ ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបាន​សមាជិក​ដែលបានចូលរួមបរិច្ចាគ​សរុប​ចំនួន ៥១.២៨១ នាក់ និងគិតជាទឹកប្រាក់បានចំនួន ៤.៩៥៦.៦៥៥ ដុល្លារ និង ៤.១១៥.០២៤.៦៤៧ រៀល ។

ក្នុងពិធីចុះហត្ថលេខានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានបរិច្ចាគទ្រព្យសម្បត្តិដែលមានតម្លៃ ០៨ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ដំណើរការការិយាល័យរដ្ឋបាលរបស់មូលនិធិបានឱ្យដឹងថា កិច្ចសហការនេះ នឹងនាំមកនូវភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋក្នុងការបរិច្ចាគវិភាគទានជូនដល់មូលនិធិ ក៏ដូចជាជួយចូលរួមធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍បន្ថែមថា “ដើម្បីធ្វើការបរិច្ចាគ អតិថិជនអាចទៅកាន់ភ្នាក់ងារវីងណាមួយដែលមានបើកបម្រើការនៅក្នុងប្រទេសកម្ពុជា។ ពេលទៅដល់ទីនោះ ពួកគាត់គ្រាន់តែប្រាប់ទៅដល់ភ្នាក់ងារវីងថាពួកគាត់ចង់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាតាមរយៈលេខកូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ) ។ អតិថិជនក៏អាចជ្រើសយកជម្រើសនៃការបរិច្ចាគ ដោយចូលទៅក្នុងកម្មវិធី ស្មាតហ្វូនវីង និងជ្រើសរើស “ទូទាត់វិក្កយបត្រ” ឬវាយលេខកូដល់ទូរស័ព្ទ *989# ហើយការបរិច្ចាគនេះនឹងអាចធ្វើបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល របស់ Royal Group ចំពោះ​ទឹកចិត្ដសប្បុរសដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្ដិផ្ទាល់ខ្លួនជូនមូល​និធិ​គន្ធបុប្ផាកម្ពុជា និងថែមទាំងបានជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេស តាមរយៈ​ធនាគារ​ឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានសម្រួលដល់ការផ្តល់វិភាគទានដោយមិនគិតថ្លៃសេវា ។ កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងចូលរួមចំណែកជួយ​ដល់កុមារកម្ពុជា​រាប់លាននាក់ ។

ជាមួយនឹងការចុះអនុស្សរណៈនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារគន្ធបុប្ផាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ដៃគូរពាក់ព័ន្ធដ៏ទៃទៀត ក្នុងការបន្តផ្សព្វផ្សាយអំពីមូលនិធិ និងសម្រួលដល់កិច្ចការកៀរគរការចូលរួមវិភាគទានសប្បុរធម៌ឱ្យបានកាន់តែច្រើនបន្ថែមទៀត ផងដែរ ។​