fbpx

វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ

កញ្ញា 20, 2021

ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨

ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយ ភ្នាក់ងារវីង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់និងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសព័ន្ធរួមមាន ធនាគារ វីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។

នេះជាលើកទី២ហើយ ដែលធនាគារវីងបានចូលរួមប្រារព្ធពីធីនេះ។

លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺនិងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។”

អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគធនធានផ្ទាល់ខ្លួននូវទឹកប្រាក់ចំនួន ១០លានរៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។

ធនាគារវីងក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន២០លានរៀល ព្រមទាំងបានលើកទឹកចិត្ត​បុគ្គលិកឲ្យចូលរួមបរិច្ចាគ និងបានផ្សព្វផ្សាយដល់សាធារណៈជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃដល់សប្បុរសជនទាំងឡាយដែលបានបរិច្ចាគថិវិកាតាមរយៈសេវាកម្មរបស់ខ្លួន។​

ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាតបានរួមចំណែកទឹកប្រាក់ចំនួន ១០លានរៀល និងបានផ្សព្វផ្សាយតាមរយៈការផ្ញើសារផ្សព្វផ្សាយតាមទូរស័ព្ទដល់សាធារណៈជនទូទាំងប្រទេសផងដែរ។

មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុនៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថាមន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃជូនដល់កុមារដែលងាយរងគ្រោះដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។

ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌​ទេសនាជាធម្មទានដោយធម្មកថិកល្បីៗតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហានិងបញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រាសាន៍ថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីធ្វើឱ្យប្រតិបត្តិការរបស់យើងដំណើរការប្រកបដោយគុណភាពនិងក្តីមេត្តា។ លោកបានបន្តថា ៖ «តាងនាមឱ្យមន្ទីរពេទ្យកុមារអង្គរក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងម្ចាស់ជំនួយដទៃផ្សេងទៀតចំពោះការរួមចំណែកដ៏មានតម្លៃនេះ។»

មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយនៅកម្ពុជាដែលបានពិនិត្យ និងព្យាបាលកុមារជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីពេទ្យនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ៤០០ នាក់ និងបានចំណាយទឹកប្រាក់៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

ក្នុងឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានចំនួន៧៣ ៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧នាក់ ។

ដោយសារវិបត្តិនៃជំងឺកូវីដ១៩នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះ។

អតិថិជនវីងដែលមានបំណងចង់ចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ពួកគេអាចធ្វើការបរិច្ចាគធនធានរបស់ពួកគេតាមរយៈភ្នាក់ងារវីង ជិត១ម៉ឺនកន្លែង ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃ។​ អតិថិជនក៏អាចធ្វើការបរិច្ចាគតាមលេខគណនីជាប្រាក់រៀល “៩១២២” ឬប្រាក់ដុល្លារតាមគណនីលេខ “៨១២២”៕