fbpx

វីង បរិច្ចាកប្រាក់ ៣៥០០០ ដុល្លារអាមេរិក សម្រាប់លើកកម្ពស់ប្រព័ន្ធអប់រំ និងសេវាថែទាំសុខភាព របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

មករា 29, 2019

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅប្រទេសកម្ពុជា បានសហការជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីធ្វើការបរិច្ចាកទឹកប្រាក់ចំនួន ៣៥០០០ ដុល្លារអាមេរិក ​ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំការបណ្តុះបណ្តាល និងការថែទាំសុខភាពរបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជា។

កាលពីឆ្នាំ ២០១៨ ធនាគារឯកទេស វីង និង GMAC បានរួមសហការ និងប្តេជ្ញាចិត្តរួមគ្នា ផ្តួចផ្តើមសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ក្នុងការបង្កើតមូលនិធិ ដែលផ្ដល់អត្ថប្រយោជន៍ដល់កម្មកររោងចក្រកាត់ដេររបស់ GMAC។ ជាពិសេសជាងនេះទៅទៀត មូលនិធិនេះត្រូវបានបម្រុងទុក សម្រាប់ការទិញសៀវភៅ, ការសាងសង់បណ្ណាល័យ​ និងគាំទ្រដល់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ ធនាគារឯកទេស វីង និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ដែលពួកគេបានផ្ដល់សេវាជូន និងយល់ច្បាស់អំពីការនាំមកនូវផលប្រយោជន៍ចំពោះសហគមន៍ តាមរយៈការពាំនាំធនធានរបស់ពួកគេ​ សម្រាប់មូលហេតុសក្ដិសម មានដូចជាការអប់រំ និងការថែទាំសុខភាព។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មធនាគារឯកទេសវីង បានប្រសាសន៍ថា វីង មានក្តីរំភើបខ្លាំងណាស់ ដែលបានធ្វើការជាមួយ GMAC ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលធ្វើការដើម្បីប្រជាជនកម្ពុជា ក្នុងការរួមចំណែកក្នុងសង្គម សម្រាប់ផលប្រយោជន៍របស់សមាជិក GMAC ទាំងអស់ ហើយសំខាន់បំផុតនោះ គឺកម្មកររោងចក្ររាប់ពាន់នាក់។

លោក រ៉ាចាន់មានប្រសាសន៍បន្តថា៖ «យើងសង្ឃឹមថា ការរួមវិភាគទាននេះ នឹងជួយកែលម្អនិងធ្វើឲ្យប្រសើរឡើង ចំពោះឧស្សាហកម្មកាត់ដេរកម្ពុជា ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគបន្ថែមទៀតមកក្នុងប្រទេស ហើយជាលទ្ធផល​ ផ្តល់ការងារថ្មីៗបន្ថែមទៀត​ ដល់ប្រជាពលរដ្ឋកម្ពុជា។»

លោកឧកញ៉ាវ៉ាន់ស៊ូអៀងប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា មូលនិធិដែលបានចូលរួមនេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពបំផុត ដោយវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈវាយនភ័ណ្ឌ (CGTI) ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនដើម្បីគាំទ្រដល់ការរីកចម្រើននិងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

លោកឧកញ៉ាវ៉ាន់ស៊ូអៀង មានប្រសាសន៍បន្តថា “CGTI មានបេសកកម្មដើម្បីអភិវឌ្ឍសិស្សម្នាក់ៗអំពីអាកប្បកិរិយា ជំនាញ និងចំណេះដឹងសម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌនិងសំលៀកបំពាក់នៅកម្ពុជា។ ជាមួយគ្នានេះ យើងសូមថ្លែងអំណរគុណដល់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតជាថ្មីម្តងទៀតដែលបានដើរតួនាទីជាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនតាមរយៈការផ្តល់វិភាគទានយ៉ាងសប្បុរសដល់វិទ្យាស្ថានបណ្តុះបណ្តាលរបស់យើង»។

បន្ថែមពីលើការបរិច្ចាកប្រាក់ឧបត្ថម្ភ របស់ធនាគារឯកទេស វីង នៅថ្ងៃនេះ ក៏មានពិធីចុះហត្ថលេខា ក្នុងការពង្រីកនូវភាពជាដៃគូយូរអង្វែងរវាង វីង និង GMAC រហូតដល់ឆ្នាំ ២០១៩ ដែលភាពជាដៃគូនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៦ ក្នុងផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុក្នុងតម្លៃសមរម្យ សម្រាប់កម្មកររោងចក្រ GMAC ជាពិសេសសេវាបើកប្រាក់បៀវត្ស តាមរយៈគណនីវីង របស់ពួកគេ។ ការបរិច្ចាកប្រាក់ 35.000 ដុល្លារអាមេរិក រួមជាមួយសកម្មភាព ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ផ្សេងទៀត គឺជាការឆ្លុះបញ្ចាំងពីតម្លៃ និងការប្តេជ្ញាចិត្តរបស់ វីង ដើម្បីបម្រើសហគមន៍របស់ខ្លួន៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត

អ៊ីមែល: marketing@wingmoney.com