fbpx

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង​ខណៈមានការរីករាលដាលមេរោគ Covid-19

មីនា 23, 2020

ភ្នំពេញ​ ខែមីនា ២០២០–ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន៥០០០​ ដុល្លារដល់​ប្រជាជនខ្មែរ ដែលកំពុង រស់នៅ ប្រកបការងារ​និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19.

ឯកឧត្ដម ឡុង ឌីម៉ង់ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ គឺពិតជាចាំបាច់បំផុតដើម្បីទិញម៉ាស់និងទឹកលាងដៃសម្រាប់ចែកជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ ជាពិសេសពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់លំបាកក្នុងការរកទិញម៉ាសនិងទឹលាងដៃ ដើម្បីការពារនិងប្រយុទ្ធប្រឆាំងពីការរីករាលដាលមេរោគ Covid -19»។

នាពេលបច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់ហើយដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគCovid 19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាខណៈពេលនេះមានប្រជាជនកម្ពុជាជាង ៦០.០០០ នាក់ កំពុងរស់នៅធ្វើការនិងសិក្សារនៅក្នុងប្រទេសមួយនេះក៏ដោយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយដែលបានបញ្ជាក់ពីការឆ្លងមេរោគនេះឡើយ។

លោក​ ឆៃ ប៉េងស្រ៊ន់ និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Myongji University ក្នុងប្រទេសកូរ៉បាននិយាយថា៖​ «យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងដែល វីង មិនត្រឹមតែយកចិត្តទុកដាក់ចែករំលែកសុខទុក្ខដល់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ សូម្បីតែពួកយើងនៅដល់ប្រទេសកូរ៉េ ក៏វីងនៅតែជួយនិងចូលរួមវិភាគទានតាមរយៈស្ថានទូតផងដែរ» ។

បើយោងតាមសមាគមនិស្សិតកម្ពុជានៅកូរ៉េ(CSAK) មាននិស្សិតខ្មែរប្រមាណជាង៤៥០នាក់កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េខាងត្បូង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ទៅកាន់ប្រជាជនកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងថា៖«សូមអ្នកទាំងអស់គ្នាថែរក្សាខ្លួនអោយបានល្អ ហើយព្យាយាមរក្សារការទាក់ទងជាមួយក្រុមគ្រួសារអ្នកនៅកម្ពុជាជាប្រចាំ។ ខ្ញុំប្រាកដថាក្រុមគ្រួសាររបស់អ្នកកំពុងព្រួយបារម្ភអំពីអ្នកទាំងអស់គ្នាជាខ្លាំង។ អ្នកទាំងអស់គ្នាពិតជាមានតួនាទីយ៉ាងសំខាន់សំរាប់គ្រួសារណាស់»។

កាលពីឆ្នាំមុនប្រជាជនកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិជាង៥០០ លានដុល្លារតាមយៈការផ្ទេរប្រាក់ពីប្រទេសកូរ៉ខាងត្បូងមកប្រទេសកម្ពុជា។