fbpx

វីងពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ

ឧសភា 8, 2019

បន្ទាប់ពីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសថៃ  រយៈដៃគូសហការផ្ទេរប្រាក់របស់ខ្លួន គឺក្រុមហ៊ុន ឌី ម៉ាន់នី។

ការដាក់ឲ្យដំណើរការសេវាកម្មថ្មីនេះ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់សេវាកម្មទទួលប្រាក់ដែលផ្ទេរពីប្រទេសកម្ពុជា។ សេវាកម្មថ្មីនេះត្រូវបានគេរំពឹងថានឹង ផ្តល់ជាលទ្ធភាពជាច្រើនសម្រាប់បុគ្គល និងម្ចាស់អាជីវកម្មជាជនជាតិថៃ ដែលបើកដំណើរការអាជីវកម្មរបស់ពួកគេ និងមានតម្រូវការក្នុងការការផ្ញើប្រាក់ទៅវិញទៅមករវាងប្រទេសថៃនិងកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ គឺជា​ជោគជ័យ​មួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃសេវាផ្ទេរប្រាក់អន្តរជាតិ ហើយវាក៏បានបង្ហាញថា អតិថិជនវីងអាចធ្វើប្រតិបត្តិការរឹតតែច្រើនឡើងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលមានលទ្ធភាពផ្សារភ្ជាប់អ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា ទៅផ្នែកផ្សេងៗនៃពិភពលោក។ ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “តាមរយៈភាពងាយស្រួលនៃកម្មវិធីស្មាតហ្វូនវីង ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាញដែលរស់នៅក្នុងប្រទេសនឹងអាចផ្ទេរប្រាក់ទៅប្រទេសថៃ ភ្លាមៗ ហើយអ្នកទទួលនឹងអាចដកប្រាក់បាននៅតាមសាខាណាមួយរបស់ Sawadeeshop ក៏ដូចជាធនាគារដៃគូទាំង៣១ របស់ក្រុមហ៊ុន ឌី ម៉ាន់នី នៅក្នុងប្រទេសថៃ។

លោក Aswin Phlapongphanich នាយកប្រតិបត្តិក្រុមហ៊ុន Sawasdeeshop តំណាងក្រុមហ៊ុន ឌី ម៉ាន់នី មានប្រសាសន៍ថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ បង្ហាញថាវាពិតជាមានកំណើននៃតម្រូវការផ្ទេរប្រាក់រវាងប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ឌី ម៉ាន់នី ក្នុងការចាប់ដៃគូជាមួយវីងក្នុងការផ្តល់នូវភាពងាយ​ស្រួល និងសុវត្ថិភាព សម្រាប់ប្រជាជនថៃទាំងអស់ ក្នុងការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃ។

លោក Aswin Phlapongphanich មានប្រសាសន៍ថា “យើងសង្ឃឹមថាការចាប់ផ្តើមសេវាកម្មថ្មីនេះ នឹងជួយដល់​កំណើននៃវិនិយោគរបស់ថៃនៅកម្ពុជា ដែលនឹងនាំមកនូវការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងកំណើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស” ។ សេវាកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់នូវលទ្ធផលវិជ្ជមានដូចគ្នានឹងសេវាកម្មមុន​ៗដែរ (ផ្ទេរប្រាក់ពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជា) ។