fbpx

វីង ចែករង្វាន់ធំដល់អតិថិជនប្រើប្រាស់គណនីវីង

មីនា 25, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នៅថ្ងៃនេះ បានធ្វើការប្រគល់រង្វាន់ធំដល់អតិថិជនរបស់ធនាគារដែលធ្វើប្រតិបត្តិការតាមរយៈគណនីវីង។ អ្នកឈ្នះរង្វាន់ទាំង ១១នាក់ ស្ថិតក្នុងចំណោមអតិថិជនវីងរាប់ពាន់នាក់ដែលបានធ្វើប្រតិបត្តិការតាមរយៈគណនីវីងនៅចន្លោះថ្ងៃទី 26 ខែមករា ដល់ថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2019 ។

អតិថិជនដែលឈ្នះរង្វាន់លើកនេះ ត្រូវបានជ្រើសរើសតាមរយៈការចាប់រង្វាន់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” របស់ធនាគារឯកទេសវីង ដែលជាប្រូម៉ូសិនមួយរបស់ធនាគារឯកទេសវីង សម្រាប់ជាការថ្លែងអំណរគុណដល់អតិថិជនវីង ដែលតែងតែគាំទ្រផលិតផលនិងសេវាកម្មរបស់វីងសម្រាប់អាជីវកម្ម ឬការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រួមមានសេវាកម្មវីងទៅវីង វីងវេរលុយ សេវាផ្ទេរប្រាក់ក្រៅប្រទេស បញ្ជូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ និងដកប្រាក់ពីគណនីវីង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីងមានប្រសាសន៍ថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។

លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា “នៅពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរកំពុងខិតជិតមកដល់ យើងសូមជូនពរអតិថិជនទាំងអស់របស់យើង ឲ្យមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក និងភាពជោគជ័យកាន់តែច្រើន។ វីងនឹងផ្តល់ជូននូវអំណោយដ៏គួរឱ្យរំភើបបន្ថែមទៀតដល់អតិថិជនរបស់យើងនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ដូច្នេះ សូមកុំភ្លេចតាមដានព័ត៌មានថ្មីៗពីវីង។”

លោក ដាន់ សុខជា អតិថិជនម្នាក់ដែលឈ្នះរង្វាន់ធំ ម៉ូតូបានមានប្រសាសន៍ថា “ដោយសារឪពុកម្តាយខ្ញុំរស់នៅ​តាមខេត្ត ខ្ញុំតែងតែប្រើប្រាស់សេវាកម្មវីង ដើម្បីធ្វើការផ្ញើប្រាក់ទៅកាន់ពួកគាត់។ បន្ថែមលើនេះ ខ្ញុំតែងតែបញ្ចូលលុយ​​ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។ ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន នៅពេលដែលបុគ្គលិកវិងធ្វើការ​ទាក់ទងមកខ្ញុំ និងប្រាប់ថាខ្ញុំបានត្រូវរង្វាន់ធំ។ រង្វាន់នេះពិតជាវិសេសវិសាលមែនទែនសម្រាប់ខ្ញុំ ពិសេសសម្រាប់​ពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ។ “

កម្មវិធីប្រម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” គឺជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនជាច្រើនរបស់ ធនាគារ ​ឯកទេស    វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់វីង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ កម្មវិធីប្រូម៉ូសិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីប្រូម៉ូសិន ទូទាត់ថ្លៃសំបុត្ររថភ្លើងទៅកាន់ស្រុកកំណើតក្នុងតម្លៃតែ ៤០រៀល កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែតុលា កន្លងមក។

កម្មវិធីប្រូម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” ផ្តល់ជូន ៤២ រង្វាន់សម្រាប់អតិថិជនរួមមានរង្វាន់ម៉ូតូ ១រង្វាន់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត រួមមាន ទូរទស្សន៍ស្មាតធីវីចំនួន ១៥រង្វាន់ ទូទឹកកកចំនួន ១៣រង្វាន់ និងម៉ាស៊ីនបោកគក់ ចំនួន ១៣ រង្វាន់។