fbpx

វីង និង​ មេនូឡាយហ្វ៍ បើកកិច្ចពិភាក្សាស្តីពី ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងយុគសម័យឌីជីថល

មីនា 4, 2020

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា និង ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ដែលជាក្រុមហ៊ុនធានារ៉ាបរងអាយុជីវិតអន្តរជាតិឈានមុខគេមួយ បានរួមសហការរៀបចំកម្មវិធីពិភាក្សាស្តីពីការពង្រឹងសិទ្ធិ​ស្រ្តី និងវិធីសាស្ត្រឆ្ពោះទៅរកភាពជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ថា៖«ការពង្រឹងសិទ្ធិអំណាចស្ត្រីក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ចគឺជាគន្លឹះដើម្បីបិទគម្លាតយេនឌ័រ ហើយវីង ប្តេជ្ញាឆ្ពោះទៅរកការសម្រេចឲ្យបាននូវគោលដៅនេះ តាមរយៈបណ្តាញផលិតផល និងសេវាកម្មជាដើម។ វាពិតជាចាំបាច់ក្នុងការវិនិយោគលើការពង្រឹងសិទ្ធិអំណាចស្ត្រីតាមរយៈការផ្តល់ជូនឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍ​សហគ្រិនភាព ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់គ្រួសាររបស់ពួកគេផងដែរ» ។​

ក្នុងបណ្តាញភ្នាក់ងាររបស់ វីង ៨០ភាគរយគឺជាស្រ្តីមេផ្ទះដែលពួកគាត់មានឱកាសអាចរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ ហើយសមិទ្ធផលនេះបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។ វីង បានចូលរួមគាំទ្រ ពួកគេឲ្យក្លាយជាអ្នករកប្រាក់កម្រៃបានដោយឯករាជ្យដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

«ក្នុងចំណោមបុគ្គលិករបស់យើងទាំង ៤៧៨ នាក់នៅក្នុងកម្ពុជា  បុគ្គលិកជាង ២០០ នាក់ជាស្រ្តី និង ១៥ នាក់ក្នុងចំណោមពួកគាត់មានមុខងារជាអ្នកដឹកនាំ។ ពួកគាត់ទាំងអស់រួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន រួមទាំងជម្រុញក្រុមហ៊ុនរបស់យើងឲ្យក្លាយទៅជាអ្នកដឹកនាំ​ផ្នែកឌីជីថលនៅលើទីផ្សារសម្រាប់អតិថិជនផងដែរ។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា​ចូលរួមជម្រុញ និងលើកទឹកចិត្តដល់ស្រ្តីទូទៅ ទាំងនៅកន្លែងធ្វើការ ក្នុងក្រុមគ្រួសារ សង្គម និងនៅគ្រប់ទីកន្លែង»​ នេះបើតាមប្រសាសន៍ លោក យូ សាមឺឌី នាយកគ្រប់​គ្រង​​នាយកដ្ឋានធនធានមនុស្ស របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។​

យោងតាមរបាយការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានបង្ហាញថា ៦១% នៃអាជីវកម្មដែលចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ត្រូវបានគ្រប់គ្រងដោយស្ត្រី ដែលតួលេខនេះ​ខ្ពស់ជាងបណ្តាប្រទេសនៅតំបន់អាស៊ាន។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៨ ស្រ្តីចំនួន៩០% បានដឹកនាំដំណើរការ​សហគ្រាសធុនតូចនិងមធ្យម ហើយពួកគេទទួលបានប្រាក់ចំណេញយ៉ាងសមរម្យ ទាំងនេះបានសបញ្ជាក់ឲ្យឃើញពីសារសំខាន់នៃការដោះស្រាយឧបសគ្គទាក់ទងនឹងបញ្ហាយេនឌ័រដែលរារាំងស្ត្រីមិនឱ្យមានឱកាសពេញលេញក្នុងតួនាទីជាអ្នកដឹកនាំ។

វីង និង មេនូឡាយហ្វ៍ (ខេមបូឌា) យកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងបានរួមចំណែកធ្វើឱ្យ​ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប្រសើរឡើង​។ វីង តែងតែប្រើប្រាស់ផលិតផលប្រកបដោយភាពច្នៃប្រឌិតដើម្បីជម្រុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុក្នុងប្រទេសដោយបានរួមបញ្ចូលទាំងអ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ​រីឯ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ជាក្រុមហ៊ុនអន្តរជាតិដំបូងបង្អស់​ដែលនាំយកផលិតផលធានារ៉ាប់រងអាយុជីវិត និងផែនការការពារហិរញ្ញវត្ថុរយៈពេលវែងមក​កាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ។