fbpx

វីង និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យមានដំណោះស្រាយថ្មីក្នុងការទូទាត់ប្រាក់ដល់សមាជិករបស់ខ្លួន

កុម្ភៈ 4, 2020

ភ្នំពេញ ថ្ងៃទី៣១ ឆ្នាំ២០២០៖ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាសមាគមមានវិជ្ជាជីវៈលើផ្នែកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(“MoU”)អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងអាចបង់ថ្លៃសមាជិកភាពរបស់ពួកគេតាមរយៈភ្នាក់ងារវីងជាង ៧.៣០០កន្លែង និងតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយផ្តល់ជាជម្រើសកាន់តែប្រសើរក្នុងការទូទាត់ប្រាក់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌាលីមីតធីត ​បានមានប្រសាសន៍ថា៖ជាមួយនឹង វីង ការបង់ថ្លៃសមាជិកភាពរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺអាចធ្វើទៅបានដោយងាយស្រួល ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃចុចលើ កម្មវិធីស្មាតហ្វូនវីង ឬ ទៅបង់តាមបណ្តាញភ្នាក់ងារ វីង​ ដែលមានទូទាំងប្រទេស ​ យើងមានសេចក្តីរីករាយក្រៃលែង ក្នុងការធ្វើជាដៃគូជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីពាំនាំ នូវបច្ចេកវិទ្យាចុងក្រោយបំផុត និងសមត្ថភាព ដើម្បីជួយគាំទ្រការរីកចម្រើនរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។

ក្នុងនាមជាអ្នកឈានមុខគេក្នុការគាំទ្រដាក់បញ្ចូលហិរញ្ញវត្ថុ អស់រយៈពេលជាង១១ឆ្នាំមកនេះ ធនាគារឯកទេស វីង បានបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងខេត្ត តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់​​​ ការទូទាត់វិក្កយបត្រ​ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិត។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ “ការប្រើប្រាស់ ជំរើសនៃការបង់ប្រាក់ដែលមានបណ្តាញដ៏រឹងមាំ និងប្រកបដោយសុវត្តិភាពបែបនេះ វាជាការបោះជំហ៊ានដ៏សំខាន់សម្រាប់យើង។ ពួកយើងបាន ធ្វើការស្វែងរកមធ្យោបាយជាច្រើនដើម្បីផ្តល់ជូនអតិថិជនរបស់យើងប្រកបដោយភាពងាយស្រួល ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។​”

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្នុគោលបំណងដើម្បីធានានូវភាពរុងរឿងនិងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើតបណ្តាញក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាលើកតម្កើងតម្លាភាព និងគាំពារអតិថិជននៅក្នុប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា មីក្រូហិរញ្ញវត្ថុ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសិទ្ធអំណាចស្ត្រីដែលជាមេគ្រួសារ តាមរយៈការផ្តល់ចំណេះដឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ យោងតាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ៨០%នៃអតិថិជនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺកំពុងរស់នៅតំបន់ដាច់ស្រយ៉ាល និង៨០%នៃពួកគេគឺជាស្រ្តី។​ មកដល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន១០១គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ៕