fbpx

វីងផ្តល់ជូនការផ្ទេរប្រាក់ឥតគិតថ្លៃ ទោះជាCovid-19កំពុងរីករាលដាលក៏ដោយ

មីនា 27, 2020

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈ​កម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ​ស្ថិតក្នុងស្ថានភាពដែល COVID-19កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។​ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព​។ ​ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុង​ចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។

លោក ម៉ានូ រ៉ាចាន់បានបន្តថា៖ «យើងសង្ឃឹមថាការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីងរាប់លាននាក់ឲ្យអាចផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់ពួកគេដែលកំពុងជួបបញ្ហាវិបត្តិបាន»។

ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះបានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិចសម្រាប់ធ្វើប្រតិបត្តិការ​ផ្សេងៗ និងទូទាត់ការចំណាយ។

បើយោងតាមអង្គការសុខភាពពិភពលោក មានវិធីមួយចំនួនដែលជួយការពារខ្លួនពីការឆ្លងCOVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ ការខ្ទប់មាត់និងច្រមុះពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់មួយម៉ែតជាដើម។

លោក ម៉ានូ បានក្រើនរំលឹកទៅអ្នកទាំងអស់គ្នាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពដោយលើឡើងថា៖ «សូមអ្នកទាំងអស់គ្នាទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុតជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាឆ្លង COVID-19។​ ការធ្វើបែបនេះ នឹងអាចជួយការពារអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆ្លង COVID-19បាន។​»

កម្មវិធីស្មាតហ្វូនវីង អាចជួយអ្នកប្រើប្រាស់មិនឲ្យប៉ះសាច់ក្រដាស់ប្រាក់ដោយផ្ទាល់បាន។​ ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច វាមិនទាមទារឲ្យមនុស្សម្នានៅក្បែរគ្នា​ឬ កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលអាចប្រឈមនឹងការចម្លងវីរុសនោះឡើយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាព កម្មវិធីស្មាតហ្វូនវីង អាចផ្តល់ជូននូវភាពងាយស្រួលដល់អថិជនដែលអាច​ទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយត្រឹមតែប្រើចុងម្រាមដៃចុចទូរស័ព្ទប៉ុណ្ណោះ។​

គ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងលើទូរស័ព្ទដៃវៃឆ្លាត ប្រជាជននៅទូទាំងប្រទេសអាចទូទាត់ប្រាក់បានជាច្រើនយ៉ាង​ មិនថាជាការបង់ថ្លៃទឹកភ្លើង ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ការចំណាយផ្សេងៗរាប់ចាប់តាំងពីសេវាដឹកជញ្ជូន រហូតដល់ហាងលក់ទំនិញ។​

ដោយមានអ្នកប្រើប្រាស់ជាង៥លាននាក់ វីងបានវិវត្តខ្លួនក្លាយជាស្លាកយីហោមួយដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្ត​បំផុតក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត​ និងអេឡិចត្រូនិច ដោយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បីផ្តល់ជូនភាពងាយស្រួលក្នុងការទិញទំនិញតាមអ៊ីនធឺណិត។

លោក ម៉ានូ បានមានប្រសាសន៍ថា៖ «វីងពិតជាមានមោទនភាពក្នុងការគាំទ្រតម្រូវការហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ មិនថាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងនឹងកាន់តែរឹងមាំនៅពេលដែលយើងរួមសហការគ្នាបានល្អ»។

សម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់ នៅតែអាចដកប្រាក់បានយ៉ាងងាយស្រួលតាមរយៈបណ្តាញភ្នាក់ងារវីងជាង៧៥០០កន្លែងទូទាំងប្រទេស បើទោះបីជានៅភូមិដាច់ស្រយាលយ៉ាងណាក្តី​៕