fbpx

កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង

តុលា 15, 2020

កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង

ភ្នំពេញ ថ្ងៃទី ១៤ តុលា ២០២០៖ គិតមកដល់ថ្ងៃនេះ មានរាប់រយគ្រួសារនៃប្រជាជនកម្ពុជាបានទទួលថវិកាសង្គ្រោះបន្ទាន់ បន្ទាប់ពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបើកបណ្តាញសេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យអង្គការអុកស្វាមកម្ពុជានិងដៃគូផ្តល់ជំនួយបន្ទាន់ដល់កម្មករ​ដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចនៃជំងឺ​រាតត្បាត​កូវីដ ១៩ ។ ។

នៅក្នុងខែកញ្ញា អង្គការអុកស្វាមកម្ពុជាបានសហការជាមួយធនាគារឯកទេសវីងដើម្បីផ្ទេរសាច់ប្រាក់ទៅឱ្យកម្មករងាយរងគ្រោះ និង​សមាជិកសហគមន៍ផ្សេងដ៏ទៃទៀតប្រមាណ ៣.០០០ នាក់ ដោយរួមបញ្ចូលទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករផងដែរ។ អង្គការអុកស្វាមកម្ពុជាក៏បានចែកជូននូវសម្ភារៈការពារ និង​បង្ការមេរោគកូវីដ ១៩ ដល់សមាជិកចំនួន ១.០០០ នាក់នៅក្នុងបណ្តាញអង្គការដៃគូរបស់​ខ្លួន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមរបស់ធនាគារឯកទេសវីងជាមួយ អង្គការអុកស្វាមកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វីងដើម្បីជួយដល់គ្រួសារខ្មែរឲ្យអាចដោះស្រាយជីវភាពបានក្នុងគ្រាលំបាកនេះ។

លោក ម៉ានូ បានមានប្រសាសន៍បន្ថែមថា៖“ ក្នុងនាមជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ វាចាំបាច់ដែលយើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនរបស់យើង។ ធនាគារឯកទេសវីងត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈចូលរួមជាមួយដៃគូនិងសហគមន៍ដើម្បីការពារប្រជាជនកម្ពុជាឲ្យឆ្លងកាត់គ្រាលំបាកទាំងនេះបាន។”

ដោយពិចារណាលើស្ថានភាពនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក ធនាគារឯកទេស វីង បានរៀបចំឲ្យមានគំនិតផ្តួចផ្តើមផ្សេងៗដោយផ្តោតលើការជួយដល់អ្នកដែលបាត់បង់ប្រភពប្រាក់ចំណូល។ នេះរួមបញ្ចូលទាំងការរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់អ្នករត់រ៉ឺម៉កនិង មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាមន្ទីរពេទ្យកុមារអង្គរដែលផ្តល់ការព្យាបាលដល់កុមារដោយឥតគិតថ្លៃ។ កាលពីខែមីនាកន្លងទៅនេះ ធនាគារឯកទេសវីង បានបើកឲ្យមានការផ្ទេរប្រាក់ពីគណនេយ្យវីងទៅគណនេយ្យវីងដោយឥតគិតថ្លៃដល់អតិថិជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលអនុញ្ញាតឱ្យពួកគេប្រើកម្មវិធីស្មាតហ្វូនវីងដើម្បីផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ពីដោយមិនចាំបាច់ធ្វើដំណើរចេញពីផ្ទះ។

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖​ “ស្របពេលដែលមាន​ ការឆ្លើយតបពីសំណាក់​រាជរដ្ឋាភិបាលកម្ពុជា​ វិស័យឯកជន និងបណ្តាលអ្នកដែលបាន​ចូលរួមទាំងឡាយដែលបានជួយគាំទ្រ​ កម្មករដែលងាយរងគ្រោះក្នុង​កំឡុងពេល​ដ៏លំបាកនេះ អុកស្វាមនិង​ដៃគូពាក់ព័ន្ធ មានជំនឿ​ថា​ការ​ផ្តល់​ការ​ជួយគាំទ្រ​ដល់​តំណាង​កម្មករ​ក៏មាន​សារ​សំខាន់ផង​ដែរ​។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​សាម​គ្គី​ភាព​របស់​យើង​ទាំង​អស់​គ្នា​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​គាំពា​សង្គម​មួយ​ប្រកប​ដោយ​បរិយាប័ន្ន សម្រាប់​កម្មករ​ដែល​ងាយ​រង​គ្រោះ​ជាពិសេស​ស្រ្តី​និង​កុមារ​ និង​ដើម្បី​ចូលរួម​ជួយ​កាត់​បន្ថ​យ​ភាព​ងាយ​រង​គ្រោះ​របស់ពួកគាត់​និង​បង្កើន​ភាព​ធន់ កំឡុង​ពេល​មាន​វិបត្តិ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត។ ”

អង្គការអុកស្វាមបានគាំទ្រប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩ ដោយផ្តោតលើការអភិវឌ្ឍ សមភាពយេនឌ័រនិងការគ្រប់គ្រងធនធានធម្មជាតិ។

ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ធនាគារឯកទេស វីង កំពុងតែពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដល់ដៃគូជាច្រើនដែលកំពុងជួយប្រជាជនទូទៅ។ ក្រៅពីអង្គការអុកស្វាមកម្ពុជា វីកក៏បានធ្វើការជាមួយ​ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនផងដែរ។ ចាប់តាំងពីខែឧសភាមក ធនាគារឯកទេស វីង បានពង្រីកការគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានព្យួរការងារពីវិស័យកាត់ដេរសម្លៀកបំពាក់និងវិស័យទេសចរណ៍។ ហើយចាប់ពីខែមិថុនាមក ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ធនាគារឯកទេស វីងដើម្បីចែកប្រាក់ឧបត្ថម្ភប្រចាំខែដល់ប្រជាជនដែលងាយរងគ្រោះ ឬរស់នៅក្នុងភាពក្រីក្រផងដែរ៕