fbpx

ធនាគារឯកទេសវីង និងធនាគារ ហ្វីលីព សហការគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងទូទាត់ប្រាក់កម្ចី ក្នុងប្រទេសកម្ពុជា

តុលា 1, 2020

អតិថិជនរបស់ធនាគារ ហ្វីលីព ឥឡូវនេះអាចទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារវីងទូទាំងប្រទេស

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាសមាជិកនៃ ក្រុមហ៊ុន ហ្វីលីពកាពីតាល់គ្រុប មានទីស្នាក់ការនៅប្រទេសសិង្ហបុរីបានចាប់ដៃគូជាផ្លូវការដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពក្នុងទូទាត់ប្រាក់កម្ចី តាមរយៈ ប្រព័ន្ធហិរញ្ញវត្ថុវីង។

តាមរយៈភាពជាដៃគូនេះអតិថិជនធនាគារ ហ្វីលីព ឥឡូវនេះអាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារវីងដែលមានជាង ៨០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលអាចឲ្យពួកគាត់សន្សំសំចៃពេលវេលានិងថវិកា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា​៖ “ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលអាចជួយពួកគេអភិវឌ្ឍន៍និងកសាងអនាគតដ៏ប្រសើរ។ ខ្ញុំពិតជារីករាយដែលយើងអាចផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ទាំងនេះដើម្បីជួយប្រជាជនក្នុងកំឡុងពេលមានជំងឺកូវីដ​១៩​នេះ” ។

ក្នុងរយៈពេល១២ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបើកដំណើរការនៅកម្ពុជា វីងបានស្វែងរកវិធីថ្មីៗដើម្បីបង្កើតឱកាសដើម្បីជំរុញបរិយាប័ន ហិរញ្ញវត្ថុតាមរយៈការកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។​

“តាមរយៈកិច្ចសហការជាដៃគូនេះ អតិថិជនរបស់ធនាគារ ហ្វីលីព ទទួលបានភាពងាយស្រួលមួយកម្រិតទៀតក្នុងការទូទាត់កម្ចីមកកាន់ធនាគារ ដោយមិនចាំបាច់មានធ្វើដំណើរមកដល់សាខាធនាគារផ្ទាល់។” នេះជាប្រសាសន៍របស់លោក Han Peng Kwang អគ្គនាយករងធនាគារ ហ្វីលីព។ លោកបានបន្ថែមទៀតថា “ភាពជាដៃគូនេះ នឹងជួយជម្រុញបន្ថែមទៀតដល់គោលដៅរបស់ធនាគារក្នុងការផ្តល់ជូនផលិតផលនិងសេវាកម្មបែបឌីជីថលដល់អតិថិជនគ្រប់គ្នា រាប់ចាប់ពីអតិថិជនអាជីវកម្មខ្នាតតូច រហូតដល់ឯកត្តជន ក៏ដូចជាអតិថិជនអាជីវកម្មខ្នាតតូច និង មធ្យម និង សាជីវកម្មធំៗ។ ”

ទាំងធនាគារឯកទេសវីង និងធនាគារ ហ្វីលីព សុទ្ធតែមានចក្ខុវិស័យដូចគ្នាក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថលដើម្បីលើកកម្ពស់កម្រិតជីវភាពសហគមន៍ដែលពួកគេបម្រើការ។ ធនាគារ ហ្វីលីព បម្រើអតិថិជនជាង ១០ ម៉ឺននាក់ដែលជាង ៩០ ភាគរយជាជនជាតិខ្មែរ។ វីងបានបង្កើតនូវផលិតផលឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដោយអនុញ្ញាតឱ្យពួកគេផ្ញើប្រាក់ និងប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់ទូរស័ព្ទចល័តនិងសេវាកម្មសាមញ្ញនៅតាមភ្នាក់វីង ។