fbpx

វីង បានឈ្នះពានរង្វាន់ “សហគ្រាសសង្គមដែលមាននិរន្តភាព” និង “សហគ្រាសខ្នាតតូចនិងមធ្យមដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

វិច្ឆិកា 13, 2018

ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានទទួលពានរង្វាន់ចំនួន ២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨​ កាលពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅសណ្ឋាគារ Ritz-Carlton ក្នុងប្រទេសសិង្ហបុរី។ ពានរង្វាន់ទាំង ២ នេះរួមមាន ពាន “សហគ្រាសសង្គម​ដែលមាននិរន្តភាព” និង “សហគ្រាសខ្នាតតូចនិងមធ្យមដែលមានការរីកចម្រើន” 

នេះគឺជាឆ្នាំទី ២ ហើយដែល វីង បានទទួលពានរង្វាន់ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន បន្ទាប់ពីធនាគារមួយនេះ បានទទួលពាន “សហគ្រាសជោគជ័យបំផុតទាំង ៥ ក្នុងតំបន់អាស៊ាន”​ កាលពីឆ្នាំ២០១៧។ គណៈកម្មការផ្តល់រង្វាន់ របស់កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) បាននិយាយថា វីង បានបង្ហាញពីភាពច្នៃប្រឌិត និងបានរួមចំណែកយ៉ាងសំខាន់ដល់សហគមន៍ ដែលនេះនាំឲ្យធនាគារនេះ បានឈ្នះពានរង្វាន់ សម្រាប់សហគ្រាសសង្គម​​ ប្រកបដោយនិរន្តភាព។

 

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេស វីង ដែលបានចូលរួមទទួលពានរង្វាន់ នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា លោកមានមោទនភាពយ៉ាងខ្លាំង ក្នុងការទទួលបានការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មរបស់ វីង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាជនកម្ពុជា។

លោក ម៉ាឡូឡូស បានអះអាងថា “ក្នុងរយៈពេល មួយទសវត្សរ៍កន្លងមកនេះ វីង មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយឲ្យប្រជាជនកម្ពុជាទទួលបាន នូវភាពងាយស្រួល និងសុវត្ថិភាព នៅពេលនិយាយអំពីសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ។ ការទទួលស្គាល់វីងជា “សហគ្រាសសង្គមដែលមាននិរន្តភាព”  ដោយគណៈកម្មាធិការពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាការឆ្លុះបញ្ចាំង នូវការប្តេជ្ញាចិត្តរបស់ វីង ដើម្បីធ្វើឱ្យមានការផ្លាស់ប្រែនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែល វីង បាននឹងកំពុងធ្វើកិច្ចការ ស្របទៅតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការបង្កើតសង្គមនៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់។”

យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា មានប្រជាជនកម្ពុជាប្រមាណ ៧៥% មិនទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដែលផ្តល់ជូនដោយធនាគារឡើយ។ កាលពីអតីតកាល ប្រជាជនកម្ពុជា ដែល​មិន​មាន​គណនីធនាគារ ឬមិនស្ថិតក្នុងបណ្តាញធនាគារ បានប្រឈមនឹងឧបសគ្គ និងហានិភ័យ ​ដោយសារតែពួកគាត់ត្រូវពឹងផ្អែកលើភាគីទីបី ដើម្បីផ្ញើប្រាក់ទៅកាន់គ្រួសាររបស់ពួកគេ។ សេវាផ្ទេរប្រាក់របស់ វីង បានកែប្រែបញ្ហាទាំងនេះ ដោយជួយដល់ប្រជាជនកម្ពុជា ដែលពុំមានគណនីធនាគារ ក្នុងការផ្ទេរប្រាក់​ និងទទួល ប្រាក់ ដែលងាយស្រួល រហ័ស និងសុវត្ថិភាពតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។

ការអភិវឌ្ឍន៍ នៅក្នុងសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ក៏បានផ្ដល់ជាផលវិជ្ជមានជាច្រើន សម្រាប់សេដ្ឋកិច្ចនៅក្នុងសហគមន៍។ តួយ៉ាង ប្រមាណ ៦៥% នៃភ្នាក់ងារ វីង ជាង ៦០០០ នាក់ និងភ្នាក់ងារវីងមីនីចំនួន ២០០០ នាក់ គឺជាស្ត្រីមេផ្ទះ ដែលពួកគាត់ អាចរកប្រាក់ចំណូល និងរួមចំណែកដល់សេដ្ឋកិច្ចនៃសហគមន៍ តាមរយៈការដើរតួជាអ្នកផ្តល់សេវាកម្មរបស់ វីង​ទៅដល់ប្រជាជននៅក្នុងសហគមន៍របស់ពួកគេ។

លើសពីនេះទៅទៀត តាមរយៈសេវាកម្ម សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ប្រជាជនកម្ពុជា ដែលជាកសិករអាចទទួលបានប្រាក់កម្ចី ជាលើកដំបូងសម្រាប់មុខជំនួញរបស់ខ្លួន ដែលបង្កើតឲ្យមាននិរន្តរភាព​ និងប្រាក់ចំណេញ ជាមួយនឹងសេវាកម្មរបស់វីង ដែលជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេ និងសន្សំពេលវេលាដ៏មានតម្លៃ និងប្រាក់កាសផងដែរ។

សម្រាប់ពានរង្វាន់ទី២ ដែលវីងទទួលបាន គឺជា ពាន់ “SME Excellence – Growth” ក្នុងនោះគណៈកម្មាធិការ​វិនិច្ឆ័យ បានបង្ហាញថា វីង បានបង្ហាញពីគំនិតផ្តួចផ្តើមនិងឆន្ទៈ ក្នុងការបណ្តាក់ទុនថ្មីៗ សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តភាព និងបានទទួលនូវភាពជោគជ័យ ផ្នែកពាណិជ្ជកម្ម ដល់កម្រិតដែលមានភាពល្អប្រសើរ សម្រាប់ទំហំប្រតិបត្តិការរបស់ខ្លួន។

លោក ចូចូ ម៉ាឡូឡូស បានអះអាងប្រាប់ថា “ការរីកចម្រើននេះ ពិតជាអស្ចារ្យណាស់។ ឥឡូវនេះ វីង មានអ្នកអតិថិជនសកម្មចំនួន ៣ លាននាក់ រាប់បញ្ចូលទាំងអ្នកមានគណនីវីងចំនួន ១ លាននាក់ និងមានទំហំប្រតិបត្តិការទឹកប្រាក់ប្រចាំឆ្នាំ ដែលមានតម្លៃប្រមាណជាង ១០ ពាន់លានដុល្លារ។ អ្វីដែលបានផ្តល់អត្ថប្រយោជន៍ច្រើនបំផុតនោះ គឺការមើលឃើញពីរបៀប នៃការអភិវឌ្ឍទូទៅរបស់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ នៅក្នុងប្រទេសកម្ពុជា កំពុងផ្តល់ប្រយោជន៍ដល់សង្គមទាំងមូល។ ការដាក់បញ្ចូល នូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុត បាននាំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានអតិថិជនកាន់តែច្រើន, សហគ្រាសខ្នាតតូចនិងមធ្យមរឹតតែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន, ពាណិជ្ជកម្មអេឡិចត្រូនិចថ្មី ត្រូវបានបង្កើតឡើង, ដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម អាចបើកប្រាក់ខែឲ្យបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ពួកគេ បានយ៉ាងងាយស្រួល។”

កាលពី ១០ ឆ្នាំមុន វីង បានចាប់ផ្តើមពីការផ្ដល់សេវាផ្ទេរប្រាក់ និងបន្តអភិវឌ្ឍខ្លួនរហូតមកដល់ពេលនេះ។ មកទល់ពេលបច្ចុប្បន្ន វីង បានរីកចម្រើនលូតលាស់ និងផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន​ ដែលកំពុងជំរុញឲ្យមានកំណើននៃសង្គមនៃការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ អតិថិជន វីង អាចបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទរបស់ពួកគេ, ទូទាត់វិក្កយបត្រ, ផ្ទេរប្រាក់, ទិញទំនិញតាមអនឡាញ, កក់សំបុត្រយន្តហោះ, ទូទាត់ថ្លៃអាហារ តាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្កេន QR កូដ និងទទួលប្រាក់ដែលផ្ទេរព ជាង ៥០ប្រទេស នៅទូទាំងពិភពលោក ដោយប្រតិបត្តិការទាំងនេះ គឺធ្វើឡើងតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ នៅក្នុងរយៈប៉ុន្មានខែថ្មីៗនេះ ធនាគារឯកទេស វីង ក៏បានចុះកិច្ចព្រមព្រៀង និងប្រកាសភាពជាដៃគូជាមួយ Alipay, WeChat Pay និង ក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជួយធ្វើឲ្យមានភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរបរទេស និងផ្តល់ប្រាក់ចំណូលថ្មីៗបន្ថែមទៀត ដល់ដៃគូជំនួញជាង ២៥ ០០០ នាក់របស់ខ្លួន។

គួររំលឹកផងដែរថា ពានរង្វាន់ធុរកិច្ចអាស៊ាន ២០១៨ គឺជាពានទី ២ ក្នុងរយៈពេល៣ខែ បន្ទាប់ពី​ វីង បានទទួលពាន “ធនាគារដែលផ្ដល់ផលប្រយោជន៍ល្អបំផុតដល់សង្គម នៅកម្ពុជាឆ្នាំ ២០១៨” កាលពីខែកញ្ញា ដោយទស្សនាវដ្តីអាជីវកម្មអន្តរជាតិ ដ៏មានឥទ្ធិពលមួយឈ្មោះថា Capital Finance International៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត

អ៊ីមែល: marketing@wingmoney.com