fbpx

វីងសហការជាមួយក្រុមហ៊ុន SOHO ដើម្បីទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR

សីហា 28, 2018

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅកម្ពុជាបានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន SOHO Diversified Group of Companies ដែលជាក្រុមហ៊ុន ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យបណ្តាសាខាហាងរបស់ក្រុមហ៊ុនមួយនេះ អាចទទួលយក​ការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR។ ក្រុមហ៊ុន SOHO ជាក្រុមហ៊ុននាំចូលនូវបណ្តាហាង ​ដែលមាន​ម៉ាក​ល្បីៗ​លំដាប់​ថ្នាក់ពិភពលោកដូចជា Havaianas, Birkenstock, Swatch និង Crocs ក៏ដូចជា Rokku នៅជិតមាត់ទន្លេ ដែលជាកន្លែងប្រកាសនូវកិច្ចសហការនេះ នឹងស្ថិតក្នុងចំណោមបណ្តាហាងដំបូងគេនៅក្នុងប្រទេសដែលទទួលយកការទូទាត់តាមរយៈបច្ចេកវិទ្យានេះ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការប្រកាសពីកិច្ចសហការនាថ្ងៃនេះពង្រឹងភាពជាដៃគូដែលមានស្រាប់ជាមួយក្រុមហ៊ុន SOHO ។

ក្រុមហ៊ុន SOHO គឺជាក្រុមហ៊ុននាំចូលនូវបណ្តាហាងម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជាហើយនឹងទទួលយក​សេវា​ទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ក្នុងពេលអនាគតខាងមុខនេះ។ វាជារឿងធម្មតាទេ ដែលយើង ​កសាងទំនាក់ទំនងជាយុទ្ធសាស្ត្រដែលមានស្រាប់របស់យើង តាមរយៈការធ្វើជាដៃគូជាមួយក្រុមហ៊ុន SOHO ក្នុងការទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR ។ គុណតម្លៃរួមរបស់យើងផ្តោតសំខាន់លើការច្នៃប្រឌិត និងភាពងាយស្រួលនៃអតិថិជន។ បេសកកម្មរបស់ SOHO គឺផ្តល់ជូនប្រជាជននៃព្រះរាជាណាចក្រ កម្ពុជានូវផលិតផលនិងសេវាកម្មលំដាប់ពិភពលោក តាមរយៈបទពិសោធន៏ល្អបំផុតតាមដែលអាចធ្វើទៅ និងរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម “។

លោក ហេនរី ហន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន SOHO មានប្រសាសន៍ថាអតិថិជនរបស់ក្រុមហ៊ុនតែងតែស្វែងរកអ្វីដែលថ្មី ហើយលោកជឿជាក់យ៉ាងមុតមាំថា ការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រ​ផាស QR នឹងក្លាយជារឿងនិយមមួយសម្រាប់ពួកគាត់។

លោក ហេនរី ហន មានប្រសាសន៍បន្ថែមថា “ក្នុងនាមជាក្រុមហ៊ុនដែលបើកបណ្តាហាងល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលទទួលយកការទូទាត់ដោយស្គេន ម៉ាស្ទ័រផាស QR គឺជាឱកាសដ៏ធំធេងមួយដើម្បីនាំមុខគេនៅក្នុងឧស្សាហកម្មនេះ និងផ្តល់ជូនអតិថិជនរបស់យើងជាមួយនឹង បទពិសោធទិញទំនិញដែលមានភាពងាយស្រួល និងកាន់តែប្រសើរឡើងតាមរយៈការទូទាត់ដែលមិនប្រើសាច់ប្រាក់ ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព​។”

លោក ម៉ាឡូឡូស បានពន្យល់បន្ថែមថា ការផ្តល់សេវាទូទាត់ដោយស្គេនម៉ាស្ទ័រផាស QR នឹងជួយសម្រួលដល់អតិថិជនបរទេស ដែលប្រើប្រាស់ម៉ាស្ទ័រកាត ប៉ុន្តែមិនអាចទំនាក់ទំនងដោយប្រើប្រាស់ភាសាក្នុងស្រុកបាន។

លោក ម៉ាឡូឡូស បានបន្ថែមថា “ជាមួយនឹងក្រុមហ៊ុន SOHO យើងបានឃើញរួចមកហើយពីភាពជោគជ័យ​តាមរយៈ ការដាក់ឲ្យប្រើប្រាស់​សេវាកម្ម​ទូទាត់​តាម WeChat Pay និង AliPay ដែលបានធ្វើឱ្យជីវិតមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរពីប្រទេសចិន។ ជាមួយនឹងសេវាទូទាត់ដោយស្គេនកូដម៉ាស្ទ័រផាស QR អតិថិជនរបស់ម៉ាស្ទ័រកាតនឹងរីករាយជាមួយនឹងភាពងាយស្រួលមួយកម្រិតទៀត ដោយគ្រាន់តែបង់ប្រាក់សម្រាប់ការទិញទំនិញរបស់ពួកគេដោយស្កេនកូដ ម៉ាស្ទ័រផាស QR ដោយប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ និងមិនចាំបាច់មានទំនាក់ទំនងអ្វីទាំងអស់។ នៅពេលយើងចាប់ផ្តើមដំណើរការប្រព័ន្ធទូទាត់ដោយស្គេនកូដម៉ាស្ទ័រផាស QR ទៅកាន់បណ្តាហាងជាដៃគូផ្សេងទៀត យើងប្រាកដណាស់ថា ការផ្តល់ជូននេះនឹងក្លាយជាការទូទាត់តាមរយៈទូរស័ព្ទដែលកាន់តែងាយស្រួល និងនាំមកជូនអតិថិជនទាំងអស់របស់យើង នូវបទពិសោធថ្មីមួយកម្រិត​ទៀត​នៃការទូទាត់​ដោយមិនប្រើ​សាច់​ប្រាក់ ដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក។”

ភាពជាដៃគូជាមួយក្រុមហ៊ុន SOHO គឺជាកត្តាស្នូលនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរក្នុងការបង្កើតប្រព័ន្ធអេកូនៃការទូទាត់មិនប្រើសាច់ប្រាក់ ដែលផ្តល់ផលចំណេញដល់សេដ្ឋកិច្ចប្រទេសកម្ពុជា និងជាប្រយោជន៍ដល់បណ្តាហាងអាជីវកម្ម ដៃគូ ភ្នាក់ងារ និងអតិថិជន។

អតិថិជនរបស់ក្រុមហ៊ុន SOHO និង វីង ក៏អាចទន្ទឹងរង់ចាំនូវការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃជាច្រើន នៅពេលពួកគាត់ជ្រើសរើសមធ្យោបាយទូទាត់ប្រាក់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR ។
លោក ចូចូ ម៉ាឡូឡូស មានប្រសាសន៍ថា ធនាគារឯកទេសវីងមានក្តីរំភើបក្នុងការនាំយកបទពិសោធន៍ថ្មីៗទៅកាន់អតិថិជនគណនីវីង ជិត ១ លាននាក់ ដែលនឹងមានសមត្ថភាពប្រើប្រាស់សេវាទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR នៅគ្រប់បណ្តាហាងរបស់ក្រុមហ៊ុន SOHO និងហាងជាដៃគូជាង ២០០០០ កន្លែងរបស់វីង។

លោក ម៉ាឡូឡូស បានបន្ថែមថា “ភាពជាដៃគូត្រីភាគីរវាងម៉ាស្ទ័រកាត ធនាគារឯកទេសវីង និងក្រុមហ៊ុន SOHO​ គឺជាការវិវត្តមួយដែលឈានទៅរកការទទួលទូទាត់ដោយមិនប្រើសាច់ប្រាក់សម្រាប់បណ្តាហាង និងដៃគូអាជីវកម្ម ដែលនឹងជម្រុញផលិតផលលំដាប់ថ្នាក់ពិភពលោកទៅដល់គ្រប់វិស័យនៅក្នុងសង្គមកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ដែលមានសុវត្ថិភាពលំដាប់ថ្នាក់ពិភពលោក។”

លោកស្រី វីនី វង្ស នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា ” ការពង្រីកបច្ចេកវិទ្យាស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជាគឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការដាក់បញ្ចូលនូវប្រព័ន្ធអេកូឌីជីថលដែលមានលក្ខណៈទូលំទូលាយ សុវត្ថិភាព ព្រមទាំងជួយដល់អតិថិជន និងបណ្តាហាងជាដៃគូក្នុងតំបន់ ក្នុងការធ្វើ ឬទទួលប្រតិបត្តិការទូទាត់ប្រាក់ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព។ សេវាទូទាត់ប្រាក់ដោយស្គេនកូដម៉ាស្ទ័រផាស QR គឺជាដំណោះស្រាយដ៏មានប្រសិទ្ធិភាព​សម្រាប់បណ្តាហាងអាជីវករ ដែលនឹងជួយពួកគេឱ្យរីកចម្រើនមុខជំនួញរបស់ពួកគេ ខណៈពេលដែលពួកគេអាចកាត់បន្ថយថ្លៃចំនាយផ្សេងៗទាក់ទងនឹងការកាន់កាប់សាច់ប្រាក់។ ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដម៉ាស្ទ័រផាស QR របស់ម៉ាស្ទ័រកាត ក៏នឹងអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងពេញលេញនៃការទូទាត់ប្រាក់របស់ពួកគេ និងជួយកាត់បន្ថយហានិភ័យនៃប្រតិបត្តិការទូទាត់ ប្រាក់ដែលមិនសមស្របណាមួយ។”

ដោយសហការជាដៃគូជាមួយក្រុមហ៊ុន SOHO ក្នុងការចាប់ដំណើរការប្រព័ន្ធទូទាត់ដោយស្គេនកូដម៉ាស្ទ័រផាស QR ធនាគារឯកទេសវីងមិនត្រឹមតែបន្តឈានមុខគេលើវិស័យធនាគារចល័តនៅកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយជម្រុញសង្គមកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវបច្ចេកវិទ្យា ភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ទាំងប្រជាជនក្នុងស្រុក ក៏ដូចជាចំនួនភ្ញៀវទេសចរអន្តរជាតិដែលកំពុងតែមានការកើនឡើងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
អ៊ីម៉ែល៖ marketing@wingmoney.com

ក្រុមហ៊ុន SOHO Diversified Group of Companies
អ៊ីម៉ែល: hwong@soho.com.kh

ម៉ាស្ទ័រកាត
អ៊ីម៉ែល៖ CherieAlice.Tan@mastercard.com