fbpx

ធនាគារឯកទេសវីងឈ្នះពានរង្វាន់ “ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល”

មីនា 18, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានទទួលពានរង្វាន់ “ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល ” ពីកម្មវិធី “ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជាឆ្នាំ 2019” ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ នៅយប់ថ្ងៃទី 15 ខែមីនាឆ្នាំ 2019 ។

ការផ្តល់ពានរង្វាន់នេះបានធ្វើឡើងស្របពេលដែលក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេវីងបានបង្ហាញផលិតផលនិងសេវាកម្មឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិតនៅពិព័រណ៍បច្ចេកវិទ្យាធំបំផុតនៅកម្ពុជាដែលមានឈ្មោះថា “ឌីជីថលកម្ពុជា” នៅកោះពេជ្រថ្ងៃទី 15-17 ខែមីនាឆ្នាំ 2019 ។

មានប្រសាសន៍នៅក្នុងកម្មវិធីទទួលពានរង្វាន់ អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូសមានប្រសាសន៍ថា វាគឺជាមោទនភាពមួយរបស់ធនាគារ​ឯកទេសវីង ដែលបានបម្រើសេវាកម្មដល់អតិថិជនកម្ពុជាក្នុងអំឡុងពេល 10 ឆ្នាំកន្លងមកនេះ ដោយផ្តល់ជូននូវបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើប តែមានលក្ខណៈសាមញ្ញ ដោយបាននាំអតិថិជនទៅកាន់ពិភពថ្មីមួយនៃសេវាធនាគារចល័ត ពិសេសក្រុមប្រជាជនមិនធ្លាប់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុធនាគារ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា “ពានរង្វាន់នេះពិតជាភ័ស្តុតាងមួយដែលបង្ហាញថា វីងគឺជាក្រុមហ៊ុនដែលនាំយកការច្នៃប្រឌិតបច្ចេកវិជ្ជាឌីជីថលចុងក្រោយបំផុតសម្រាប់ប្រទេសកម្ពុជាដោយបើកលទ្ធភាពជាច្រើនសម្រាប់ប្រជាជនកម្ពុជា មិនថាទៅលើអាជីវកម្មរបស់ពួកគេ ឬជីវភាពប្រចាំថ្ងៃរបស់ពួកគេឡើយ។ សម្រាប់អតិថិជនដែលចង់ជ្រាបច្បាស់អំពីផលិតផល និងសេវាកម្មរបស់វីង ពួកគេក៏អាចមកកាន់បញ្ជរវីង នៅក្នុងកម្មវិធីពិព័រណ៌ ឌីជីថល កម្ពុជាផងដែរ។ ”

វត្តមានរបស់វីងនៅក្នុងពិព័រណ៌បច្ចេកវិទ្យា “ឌីជីថលកម្ពុជា” មានគោលបំណងធ្វើឱ្យប្រជាជនកាន់តែខិតជិតទៅកាន់បច្ចេកវិទ្យាចុងក្រោយបំផុត ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រោះធនាគារឯកទេសវីងជឿជាក់ថាប្រជាជនកម្ពុជានឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថលដែលរដ្ឋាភិបាលកម្ពុជាមានបំណងសម្រេចបាននៅឆ្នាំ 2023 ។ អ្នកចូលរួមឬ ក្រុមហ៊ុនឯកជនអាចស្វែងរកការពិគ្រោះយោបល់ជាច្រើនទាក់ទងនឹងផលិតផលនិងសេវាកម្មរបស់វីងជាពិសេសរបៀបដែលធនាគារឯកទេសវីងអាចជួយរៀបចំការទូទាត់អាជីវកម្មរបស់ពួកគាត់ឲ្យកាន់តែមានភាព រហ័សងាយស្រួល និងមានសុវត្ថិភាព។

ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជា ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (NIPTICT) ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ 2015 គឺជាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍ជាតិធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានគោលបំណងបង្ហាញពីសមិទ្ធផលនិងជោគជ័យនៃការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា ( ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។