fbpx

វីងផ្តល់ជូនកម្រិតថ្មីនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ជាមួយកម្មវិធី

សីហា 17, 2018

នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់​តាមទូរស័ព្ទ​ចល័តរបស់ខ្លួន ដែល​មានឈ្មោះថា “WingPay”។ សេវាកម្មទូទាត់ដោយមិនប្រើសាច់ប្រាក់តាម​រយៈ ​“WingPay” អាចស្វែងរកបាននៅតាមបណ្តាហាង និងកន្លែងផ្តល់សេវាកម្មជាច្រើន នៅក្នុងរាជធានី​ភ្នំពេញ ក៏ដូចជាទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ អតិថិជនដែលមានគណនីវីងទាំងអស់ ​អាចធ្វើ​ប្រតិបត្តិការ​ទូទាត់ប្រាក់នេះ តាមរយៈការស្គេនកូដ QR បញ្ចូលលេខកូដទូទាត់ ឬចុច *989#។

ដោយសារវីងមានបណ្តាដៃគូជំនួញជាង 20,000 កន្លែងនៅទូទាំងប្រទេស ដោយរាប់ចាប់ពីអ្នកបើករ៉ឺម៉កកង់បី រទេះលក់ឥវ៉ាន់តាមផ្លូវ ផ្សារលក់ទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងកែសម្ផស្ស អាហារដ្ឋាន ស្ថានីយ ប្រេងឥន្ធនៈ និងហាងជាច្រើនទៀត សេវាកម្មWingPayនឹងអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់​ប្រាក់ តាមរយៈទូរស័ព្ទដៃរបស់ពួកគេ មិនថាជាប្រភេទទូរស័ព្ទស្មាតហ្វូន ឬទូរស័ព្ធធម្មតាឡើយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា WingPay គឺជាផលិតផល​មួយ​របស់​ធនាគារឯកទេសវីង ដែលមានគោលបំណងផ្តល់ជាលទ្ធភាពដល់ប្រជាជនកម្ពុជា គ្រប់រូបដើម្បីទទួលបាន ការដាក់បញ្ចូលហិរញ្ញវត្ថុ ពិសេសអតិថិជនដែលចង់បានរបៀបរស់នៅដែលទំនើប និងទាន់សម័យ តាមរយៈ របៀបទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព ដោយគ្រាន់តែចុចម្រាមដៃ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា «ដោយមើលឃើញថាប្រជាជនកម្ពុជាជិត 50% មានទូរស័ព្ទ​ស្មាតហ្វូន​ប្រើប្រាស់ យើងជឿជាក់ថា ក្នុងពេលអនាគតដ៏ខ្លី ដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តនឹង​ជំនួសការទូទាត់ដោយប្រើសាច់ប្រាក់ នៅកម្ពុជា និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា​ធ្វើកិច្ចការជាច្រើនដោយ​មិន​ចាំបាច់យកសាច់ប្រាក់តាមខ្លយន ឬរង់ចាំលុយអាប់អ្វីឡើយ»។

 

WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់ធនាគារឯកទេសវីង ដែលអាចធ្វើបានតាមអនឡាញ ឬស្គេនកូដ QR។ បន្ថែមពីលើសេវាកម្មទូទាត់ប្រាក់ដែលមានភាពងាយស្រួល អតិថិជនក៏ អាចរីករាយជាមួយ​នឹង​ការ​​បញ្ចុះតម្លៃ និងប្រូម៉ូសិនជាច្រើន នៅពេលដែល ពួកគេដំណើរការទូទាត់ប្រាក់ដោយប្រើ WingPay នៅតាមបណ្តាហាងជាដៃគូរបស់វីងផងដែរ។ វាគឺជាមុខងារមួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍​ជាច្រើន នៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឱ្យអតិថិជនបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ បង្កើតលេខកូដទូទាត់តាមអនឡាញ និងជាច្រើនទៀត។

លោក ម៉ាឡូឡូស បានបន្ថែមថា «វាតែងតែជាការបំផុសគំនិតរបស់យើង ក្នុងដំណើរឆ្ពោះទៅការបង្កើត​ប្រព័ន្ធ​អេកូ​ដែល​អនុញ្ញាតឲ្យភ្នាក់ងារ ដៃគូ អតិថិជន ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសាប័ននានាអាចរីកចម្រើន និងទទួលបានចំណូលតាមរយៈសេវាកម្មធនាគារចល័តរបស់វីង។»

 

យោងតាមរបាយការណ៍ Fintech Startup ឆ្នាំ 2017 មានអ្នកប្រើប្រាស់អ៊ីនធឺណេតប្រមាណ 5 លាននាក់​ដែលមានចំនួនច្រើនជាង ៣០% នៃប្រជាជនកម្ពុជាសរុប (១៥.៣ លាននាក់) ។ ដោយសារតែមានសេវា​អ៊ីនធឺណេត របាយការណ៍ក៏បង្ហាញផងដែរថាប្រទេសកម្ពុជាមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទចល័តរហូតដល់ ១៦៦% នៃប្រជាជនសរុប ហើយប្រជាជនដែលប្រើទូរស័ព្ទប្រព័ន្ធស្មាតហ្វូនមានចំនួន ៣៩.៥% និងអត្រា​កំណើន​ស្មាតហ្វូនមាន 39,5% ។