fbpx

ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង ​នឹងវិនិយោគជាមួយ Camboticket ដើម្បីពង្រីកអាជីវកម្មលើផ្នែកលក់សំបុត្រអនឡាញ និងការរៀបចំវិស្សមកាល​នៅកម្ពុជា

មេសា 6, 2020

ភ្នំពេញ ថ្ងៃទី ០៣ មេសា ឆ្នាំ ២០២០៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុនស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​រូយ៉ាល់​ហ្រ្គុបបានមានប្រសាសន៍ថា៖“ យើងពិតជា​មានសេចក្តីសោមនស្សរីករាយណាស់​ ដែលការវិនិយោគមួយនេះអាចឲ្យយើង​ធ្វើបដិវត្តនូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរនិងរៀបចំផែនការវិស្សមកាលដោយប្រើ​ប្រព័ន្ធកក់តាមអ៊ិនធឺណេតដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស ។ យើងនឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជាតាមរយៈការវិនិយោគផ្សេងៗ​ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួលនិងប្រសើរឡើង។”

តាមរយៈកិច្ចព្រមព្រៀងនេះដែលកំពុងរងចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Camboticketមានប្រសាសន៍ថា៖“ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យយើងបម្រើប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្តល់ជូននូវបទពិសោធន៍នៃការកក់សំបុត្រតាមអ៊ិនធឺណែតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់។ ការច្នៃប្រឌិតថ្មីគឺជាអ្វីដែលជំរុញទឹកចិត្តពួកយើងនៅCamboticket ហើយយើងនឹងបន្តការបង្កើតអ្វីថ្មី​ៗដើម្បីធ្វើឱ្យCamboticket ក្លាយជាអ្នកផ្តល់សេវាកម្ម​តែមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ” ។

ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៥ Camboticketបានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជានិងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ​ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមកសម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូជីមិញ ប៉ាក់សេ និងទីតាំងផ្សេងៗដ៏ទៃទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ “ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញក្រុមហ៊ុនទាំងពីរសម្រេចចិត្តលើភាពជាដៃគូនៅពេលនេះ ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនមេរបស់យើងដែលបានចុះកិច្ចព្រមព្រៀងនេះដែលយើងជឿជាក់ថាយើងនឹងមានដំណើររួមគ្នាវែងឆ្ងាយក្នុងការធ្វើឱ្យការកក់សំបុត្រនិងការរៀបចំផែនការវិស្សមកាលកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ Camboticketក៏ជាដៃគូអាជីវកម្មរបស់វីងផងដែរ។ អតិថិជនវីង បច្ចុប្បន្ន អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីងដើម្បីប្រើប្រាស់សេវាកម្មរបស់ Camboticket ដើម្បី​កក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងរៀបចំវិស្សមកាលក្នុងស្រុកប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស។”

ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប​ៗសម្រាប់ការកែលម្អកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticketគឺជាក្រុមលក់សំបុត្រធ្វើដំណើរតាមអ៊ិនធឺណេតដែលទទួលបានរង្វាន់ជាច្រើន និងផ្តល់ជូនដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេក្នុងការគ្រប់គ្រងស្តុករពើភ័ណ្ឌរបស់ពួកគេបន្ថែមទៅលើការបើកការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.

អំពី Camboticket

Camboticket គឺជាវេទិកាឈានមុខគេនៅកម្ពុជាផ្តល់សេវាកម្មកក់សំបុត្រសម្រាប់ការធ្វើដំណើរ ហើយកំពុងធ្វើបដិវត្តឧស្សាហកម្មទេសចរណ៍នៅកម្ពុជា និងទីផ្សារដ៏ទៃផ្សេងទៀត។ ​ Camboticket បានជួយអ្នកផ្គត់ផ្គង់តាមអនឡាញរាប់រយ​ ​និងសំរួលឲ្យពួកគេ​រអាចធ្វើអាជីវកម្មនៅលើអ៊ីនធឺណេតតាមរយៈគេហទំព័រ Camboticket កម្មវិធីទូរស័ព្ទ ព្រមទាំងដៃគូផ្សេងៗផងដែរ។​បច្ចុប្បន្ននេះ Camboticket បានផ្តល់ជូនការកក់សំបុត្រធ្វើដំណើរជាង២០០០ ដំណើរកំម្សាន្តក្នុងតំបន់ជាង២០០​ ព្រមទាំងសេវាកម្មផ្សេងៗទៀតនៅលើវេទិកាប្រចាំថ្ងៃរបស់ខ្លួន។​​

Camboticket ត្រូវបានបង្កើតឡើង​ដោយលោក Shivam Tripathi និងលោក Rahul Anand ដោយមានការគាំទ្រពី OBOR Capital ដែលជាអ្នកចូលរួមវិនិយោគ។​